ខេត្តស្វាយរៀង៖ ដោយសារមានជំងឺរ៉ាំរ៉ៃជាយូរឆ្នាំហើយមើលមិនជានោះ បុរសវ័យចំណាស់ម្នាក់បានដាច់ចិត្តចងកលើមែកដើមស្វាយចន្ទីក្រោយផ្ទះ បន្ទាប់ពីប្រពន្ធកូនសាច់ញាតិធ្វើបុណ្យសែនព្រេនសុំសេក្តីសុខឲ្យជនរងគ្រោះបានជាពីជំងឺបានមួយថ្ងៃ ស្រាប់តែចងកតែម្តង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង២០នាទី ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។បើតាមសម្តីចៅប្រុសរបស់ជនរងគ្រោះមានឈ្មោះ ប៉ាង មករា បានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ោងប្រហែល៦ជាង ពេលងើបពីដំណេកក៏បាត់ជីតា ហើយក៏នាំគ្នាដើររក។
ប្រភពដដែលបានឲ្យដឹងទៀតថា លុះដល់ម៉ោង៧ព្រឹក រូបគេ(ត្រូវជាចៅជនរងគ្រោះ)ក៏បានដើរទៅខាងក្រោយផ្ទះចម្ងាយប្រហែល១០០ម៉ែត្រ ស្រាប់តែឃើញជីតាចងកនៅលើមែកស្វាយចន្ទី ដោយជើងនៅត្រាំក្នុងទឹកត្រឹមកំភួនជើងស្លាប់បាត់ទៅហើយមិនដឹងតាំងពីស្មើណានោះទេ រូបគេក៏បានរត់ទៅប្រាប់យាយ ឪពុកម្តាយនិងរាយការណ៍ទៅសមត្ថកិច្ចដើម្បីពិនិត្យសាកសព។ ជនរងគ្រោះខាងលើមានឈ្មោះ កុយ សាមិត្ត អាយុ ៦៨ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ មានកូនចំនួន៦នាក់ ប្រុស៤នាក់ និងស្រី២នាក់។
ក្រោយពីសមត្ថកិច្ចពិនិត្យសាកសពរួចមកឃើញថាពិតជាចងកពិតប្រាកដមែន ហើយសមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕វ៉ៃកូ