ដូចដែលប្រិយមិត្ត និងមហាជនជាច្រើន បានដឹងរួចហើយ ចំពោះរឿងរ៉ាវរបស់អន្ទិតនាយ តាក់ស៊ី ដែលបានលាចាកពីក្រុមកំប្លែងរបស់ស្ថានីយ៍ទូរទស្សន៍ CTN ទៅសាងព្រះភ្នូសយ៉ាងដាច់ណាត់ បើទោះត្រូវបែកព្រាត់ប្រាស់ពីប្រពន្ធកូនយ៉ាងណា ក្រោមហេតុផលមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃប្រចាំកាយ និងមានឧបនិស្ស័យខាងផ្លូវព្រះធម៌តាំងពីតូចមក ។
ទោះយ៉ាងណា ក្រោយសាងភ្នូសជាព្រះសង្ឃមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែនាយ តាក់ស៊ី បានសម្រេចចិត្តសឹកវិញយ៉ាងលឿន ដោយសារពុំអាចទ្រាំទ្រនឹងជំងឺធ្វើទុក្ខខ្លាំង ដែលជាហេតុធ្វើឲ្យមហាជនជាច្រើននាំគ្នារិះគន់មិនសំចៃមាត់ ។
ពិតណាស់ ក្រោយពេលសឹក នាយ តាក់ស៊ី ក៏ក្លាយជាមនុស្សរស់នៅតែលតោលតែឯង ព្រោះតែប្រពន្ធមិនទទួលយកធ្វើជាប្តីវិញទៀតឡើយ ព្រោះថា មុនពេលបួស គឺរវាងនាយតាក់ស៊ី និងប្រពន្ធនាង ភីម បានលែងលះគ្នាតាមផ្លូវច្បាប់រួចទៅហើយ ។
ជាមួយនឹងជីវិតឯកោបែបនេះ ដំបូង នាយ តាក់ស៊ី បើតាមដឹងគឺស្នាក់អាស្រ័យជាបណ្តោះអាសន្ន ដោយពឹងទៅលើគ្រួសារនាយ ក្រូច ដែលមិត្តរួមអាជីពកំប្លែងជាមួយគ្នា ។ ហើយស្ថិតក្នុងស្ថានភាពពេលនោះ នាយក៏ត្រូវបានសម្បុរសជនមួយចំនួនដែលមានក្តីអាណិតជួយឧបត្ថម្ភជាបន្តបន្ទាប់ផងដែរ ។
ដោយឡែក ថ្មីៗនេះ នាយ តាក់ស៊ី បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រ ភ្ញាក់ផ្អើលជាខ្លាំង ខណៈស្ងាត់ៗ នាយស្រាប់តែបង្ហាញមុខមាត់អនាគតប្រពន្ធទី២ដ៏ស្រស់សោភាវ័យស្របាលៗគ្នាជាអ្នកខេត្តស្វាយរៀង និងប្រាប់ទៅមហាជនថា អ្នកទាំងពីរនឹងគ្រោងចូលរោងការនាពេលខាងមុខឆាប់នេះផងដែរ ៕ ដោយ៖ លឹម ហុង
ចង់ដឹងថា នាយ តាក់ស៊ី និងគូស្នេហ៍ បង្ហាញភាពផ្អែមល្ហែមស្វ៊ីតនៅក្នុងការ៉ាស់សាំងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!