រដ្ឋាភិបាលអាមេរិច បានយល់ព្រមឲ្យមានការលក់ ប្រព័ន្ធការពារមីស៊ីល (THAAD) ទៅឲ្យប្រទេសសៅអូឌីត អារ៉ាប់ប៊ី (Saudi Arabia) ដែលមានតម្លៃរហូតដល់ ១៥ប៊ីលានដុល្លារ ។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃសៅរ៍ ទី ០៧ ខែតុលានេះ។
THAAD មានសមត្ថភាពបាញ់ទំលាក់ មីស៊ីលផ្លោងរយៈចំងាយខ្លី និងមធ្យមបាននៅពេលមីស៊ីលនោះកំពុងហោះ។
ក្រសួងការបរទេសអាមេរិច បាននិយាយថា ការព្រមព្រៀងលក់ខែលការពារមីស៊ីលគឺនឹងជួយបង្កើនសន្តិសុខជាតិរបស់អាមេរិច និងទទួលបានផលប្រយោជន៍ផ្នែកគោលនយោបាយការបរទេស។
ខែលការពារមីស៊ីលនេះ នឹងជួយបង្កើនការការពារប្រទេសសៅអូឌីត អារ៉ាប់ប៊ី និងសន្តិសុខឈូងសមុទ្រ ប្រឆាំងនឹងការគំរាមកំហែងរបស់ប្រទេសអ៊ឺរ៉ង និងប្រទេសដ៍ទៃទៀតក្នុងតំបន់។
ការប្រកាសលក់ខែលនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលប្រទេសនាំចេញប្រេងមួយនេះបានព្រមព្រៀងទិញប្រព័ន្ធការពារដែនអាកាសពីប្រទេសរុស្សី។
ខែលការពារមីស៊ីលនេះ សព្វថ្ងៃកំពុងត្រូវបានគេដាក់ពង្រាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីការពារប្រទេសនេះ ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល ដែលអាចកើតមានឡើង ពីសំណាក់កូរ៉េខាងជើង៕ សុភ័ក្ត្រ