ខេត្តស្វាយរៀងៈលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត
នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្ត ផែនការសកម្មភាព ស្ដីពីការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោកឆ្នាំ២០២០ នៅសាលាខេត្ត និងមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោក ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង-ស្រុក លោកអធិការនគរបាលក្រុង-ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត សរុបវត្តមានប្រមាណ ៤០០នាក់។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្តបានលើកឡើងថា មន្ត្រីជំនាញត្រូវធ្វើការណែនាំ អប់រំ ព្រមទាំងអនុវត្តវិធានការច្បាប់ និងធ្វើការផាកពិន័យឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែង ឬយោគយល់ជាដាច់ខាត ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ជាពិសេសអ្នកបើកបររថយន្តដឹកកម្មករ រថយន្តដឹកទំនិញធុនធំ រថយន្តកុងតឺន័រ និងអ្នកបើកបររថយន្តដឹកអ្នកដំណើរ (រថយន្តក្រុងជាដើម) ។
លោកបានមានប្រសាសន៍បន្តថា ក្នុងនាមអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោក លោកស្រី សមាជិក សមាជិកាអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់ថ្នាក់ ព្រមទាំងកងកម្លាំង និងអង្គភាពពាក់ព័ន្ធ ដែលបានចូលរួមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការរួមចំណែកផ្សព្វផ្សាយច្បាប់ជូនដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត បានយ៉ាងទូលំទូលាយ នាពេលកន្លងមក ។
លោកអភិបាលខេត្តបានធ្វើការផ្តាំផ្ញើដល់ លោក លោកស្រីដែលជាសមាជិកអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍គ្រប់ ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយផ្ដោតជាសំខាន់ទៅលើការបើកបរហួស ល្បឿនកំណត់ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ឬសារធាតុញៀនមិនប្រកាន់ស្ដាំការវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនគោរពសិទ្ធិអាទិភាព ជាពិសេសធ្វើយ៉ាងណាឲ្យអ្នកបើកបរទោចក្រយានយន្តពាក់មួកសុវត្ថិភាព ឲ្យបានច្រើនជាអតិបរមា ។
ទន្ទឹមនេះ គ្រប់មន្ទីរ-អង្គភាព គ្រឹះស្ថានសិក្សា គ្រឹះស្ថានរដ្ឋ គ្រឹះស្ថានឯកជន រោងចក្រ និងសហគ្រាស គួររៀបចំឲ្យមានបទបញ្ជាផ្ទៃក្នុង ដោយមិនអនុញ្ញាតឲ្យចូលធ្វើការ ឬចូលរៀនក្នុងករណីជិះទោចក្រយានយន្ត (ម៉ូតូ) មិនពាក់មួកសុវត្ថិភាព និងបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់ជាដើម។ ជាមួយនេះ ត្រូវបង្កើនការត្រួតពិនិត្យ អ្នកបើកបរមានជាតិអាល់កុល និងគ្រឿងញៀន ជាពិសេសមុខសញ្ញាអ្នកបើកបរថយន្តកុងតឺន័រ រថយន្តដឹកទំនិញធុនធំ និងអ្នកបើកបររថយន្តដឹកអ្នកដំណើរពេលយប់ ។
លោកអភិបាលខេត្ត បានថ្លែងការលើកទឹកចិត្តដល់បណ្ដាក្រុង ស្រុក ឲ្យបង្កើត និងជំរុញចលនាប្រឡងប្រណាំងភូមិឃុំ គ្មានគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការបង្កើត ”តំបន់ពិសេស នៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក” នៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ត្រូវជួយគាំទ្រក្នុងការរៀបចំផែនការជំរុញការងារ និងបង្កើនការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ជាពិសេសរថយន្តដឹកកម្មករ ដែលភាគច្រើនជារថយន្តចាស់ៗ ឱ្យមានប្រសិទ្ធភាព៕ដោយ៖វ៉ៃកូ