ភ្នំពេញ:រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា នៅដើមឆ្នាំ២០២០ នេះ វិស័យទេសចរណ៍សកលលោក ក៏ដូចជាតំបន់ និងកម្ពុជា បាននិងកំពុងទទួលរងឥទ្ធិពលអវិជ្ជមានពីវិបត្តិនៃជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទ ថ្មី (COVID-19) ដោយអង្គការទេសចរណ៍ពិភពលោក (UNWTO) បានស្នើឲ្យប្រទេសជាសមាជិកត្រូវមានការប្រុងប្រយ័ត្ន ចូលរួមទប់ស្កាត់ និងបង្ការជំងឺឆ្លងកូរ៉ូណាថ្មីនេះ។
លោកថោង ខុន ក៏ស្នើឲ្យវិស័យឧស្សាហកម្មទេសចរណ៍ត្រូវអនុវត្តតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ឬក្រសួងសុខាភិបាលតាមប្រទេសនីមួយៗឲ្យបានជាប្រចាំ ពីព្រោះថា “ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិក៏ដោយ ការធ្វើដំណើររបស់ទេសចរនៅតែអាចធ្វើទៅបាន ដោយ ត្រូវអនុវត្តនូវវិធានការបង្ការទប់ស្កាត់ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបែបនេះនៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ អបជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ ទីក្រុងស្អាត: ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត” នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។
ឆ្លើយតបនឹងសភាពការណ៍ Covid-19 នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ នេះ បានដាក់ចេញនូវវិធានការគាំទ្រវិស័យទេសចរណ៍ចំនួន ៧ចំណុច ដែលក្រសួងទេសចរណ៍នឹងប្តេជ្ញាសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន អនុវត្តវិធានការទាំង៧ចំណុចនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក្នុងនាមសេនាធិការ ក៏បានដាក់ចេញ ផែនការសកម្មភាពការងារទេសចរណ៍ អនុវត្តចំពោះមុខក្នុងដំណាក់កាលវិបត្តិវីរុសកូរ៉ូណាថ្មី (COVID-19) ២០២០-២០២១ ដែលផ្តោតលើគោលដៅយុទ្ធសាស្ត្រចំនួន ៤៖ ១) ធ្វើឲ្យរូបភាពគោលដៅទេសចរណ៍កម្ពុជា (Improve Image) គឺជាគោលដៅសុវត្ថិភាពកាន់តែប្រសើរឡើង ២) ជំរុញចលនាទេសចរណ៍ក្នុងស្រុក ៣) បង្កើនការផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់ (Connectivity) ពីទីផ្សារទេសចរណ៍គោលដៅ ៤) បង្កើតឧត្តមភាពប្រកួតប្រជែង នៃឧស្សាហកម្មទេសចរណ៍ និងបានដាក់ចេញសកម្មភាពបន្ទាន់ នៅក្នុងរយៈពេលខ្លី និងមធ្យមចំនួន ៩០ សកម្មភាព។
លោករដ្ឋមន្ត្រីបានស្នើឲ្យអង្គសន្និបាតយកចិត្ដទុកដាក់ពិភាក្សា ផ្លាស់ប្ដូរយោបល់គ្នាឲ្យបានផុលផុស ដើម្បីទទួលបានទស្សនៈ និងធាតុចូលថ្មីៗបន្ថែមទៀត ក្នុងការស្វែងរកវិធានការគន្លឹះនានា ក្នុងដំណាក់កាលវិបត្តិ Covid-19 នេះ។
ជារួមរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ គឺបានកំណត់ទិសដៅក្នុងការអភិវឌ្ឍ “ទេសចរណ៍គុណភាព” នៅកម្ពុជា សំដៅប្រែក្លាយកម្ពុជាជាគោលដៅប្រកបដោយគុណភាព ភាពទាក់ទាញ កក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ។
លោករដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលធំៗ ដែលក្រសួងសម្រេចបាននៅឆ្នាំ២០១៩នេះ ដែលរួមមាន៖ ការរីកចម្រើនថ្មីនៃទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ រួមជាមួយនឹងការយល់ដឹង ការចូលរួមរបស់ប្រជាពលរដ្ឋ និងទេសចរក្នុងកិច្ចការអនាម័យ បរិស្ថាន និង ការអភិវឌ្ឍទេសចរណ៍បែតង។ ទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism) បានមកដល់ដំណាក់កាលនៃការចាប់ផ្តើម។ ផលិតផលក្នុងស្រុក ផ្នែកកសិកម្ម សហគ្រាស ធុនតូច និងមធ្យម បាន និងកំពុងរីកលូតលាស់ បង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋ តាមរយៈវិស័យទេសចរណ៍ ដែលជា “ការនាំចេញនឹងកន្លែង”។ ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងការផ្សព្វផ្សាយ ក៏បាននិងកំពុងពង្រឹង និងពង្រីកប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្សព្វផ្សាយ តាមបច្ចេកវិទ្យាទំនើបនៃយុគសម័យឧស្សាហកម្ម ៤.0។ ការបណ្តុះបណ្តាលធនធាន
មនុស្សក៏បាននិងកំពុងសកម្មចូលជ្រៅក្នុងផ្នែកជំនាញវិជ្ជាជីវៈ ឆ្លើយតបនឹងតម្រូវការក្នុងប្រទេស និងការបម្លាស់ទីក្នុងអាស៊ាន។ ការងារប្រលងប្រណាំងទីក្រុងស្អាត និងឆ្នេរស្អាតក៏កំពុងមានការរីកចម្រើនល្អផដែរ។ មានការងារជាច្រើនទៀតដែលក្រសួងសម្រេចបានលទ្ធផលដ៏ល្អៗ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ឆ្នាំ២០១៩ វិស័យទេសចរណ៍កម្ពុជា នៅរក្សាបានកំណើន ដោយទទួលបានទេសចរអន្តរជាតិចំនួន ៦,៦លាននាក់ កើនឡើង ៦,៦% ខណៈដែលភ្ញៀវទេសចរក្នុងស្រុក បានធ្វើដំណើរនៅទូទាំងប្រទេសមានចំនួនជាង ១១,៥លាននាក់ ក្នុងកំណើនប្រមាណ ២%៕ដោយ៖កូឡាប