បុរសជាភ្ញៀវស៊ីការម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានប្រើអំពើហិង្សាលើក្រុមអ្នកភ្លេង និងវាយបំផ្លាញឧបករណ៍តន្ត្រីសម័យខូចខាតយ៉ាងដំណំ ព្រោះតែខឹងអ្នកភ្លេងមិនប្រគុំបទស្លូឲ្យខ្លួនច្រៀង តែបែរលេងបទញាក់កន្ត្រាក់អារម្មណ៍ទៅវិញ ។
ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទី យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះម្ចាស់ដើមការឈ្មោះ មិត្ត ម៉េង ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឹម ភា ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ។ ចំណែកជនរងគ្រោះឈ្មោះ ញ៉ឹប សឿង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ក្រុមតន្ត្រីសម័យ «ម៉ី ខន» និងម្នាក់ទៀតឈ្មោះ វើត ធី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ។
ប្រភពដដែលបានបញ្ជាក់ឲ្យដឹងថា ដើមចមដែលបណ្តាលឲ្យកើតមានអំពើហិង្សានេះឡើង គឺដំបូងឡើយ ជនបង្កបានសំណូមពរឡើងច្រៀងបទស្លូ ប៉ុន្តែ ខណៈច្រៀងបានមួយឃ្លា ស្រាប់តែម្ចាស់ដើមការឲ្យក្រុមតន្ត្រីឈប់ ដោយប្តូរលេងបទរាំញាក់វិញ ព្រោះយប់ជ្រៅហើយ ។ នៅពេលភ្លេងឈប់ប្រគុំភ្លាម ជាហេតុធ្វើឲ្យជនសង្ស័យផ្ទុះកំហឹង ស្ទុះទៅវាយលើតន្ត្រីករម្នាក់ឲ្យរបួសយ៉ាងដំណំ និងបន្តទៅវាយបំផ្លាញឧបករណ៍តន្ត្រីបណ្តាលឲ្យរងការខូចខាតអស់មួយចំនួន ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ សឹម ភា ក៍បានរត់គេចខ្លួនបាត់ទៅ ។ ទោះយ៉ាងណា ជនបង្ករូបនេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕ ដោយ៖ លឹម ហុង