តាកែវ៖ គ្រួសារមួយរស់នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដោះស្រាយបញ្ហាដោយប្រើហឹង្សា ម្នាក់ត្រូវជាប់គុក ម្នាក់ទៀតដេកពេទ្យស្ទើរស្លាប់ ដោយសារតែអត់ទ្រាំលើប្តីពូកែផឹកស្រាស្រវឹង រករឿងឈ្លោះរាល់ថ្ងៃ ទ្រាំលែងបានតោងចបកាប់ដី កាប់ទៅលើប្តីមួយចបចំកណ្តាលក្បាល បណ្តាលឲ្យរបួស ។
ហេតុការណ៍ដែលមិនគួរឲ្យនឹកស្មានដល់នេះបានកើតឡើងកាលពីវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។
បើតាមរបាយណ៍ការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យដែលយកចបកាប់ដីកាប់ទៅលើប្តីរបស់ខ្លួននោះមានឈ្មោះ សំ ង៉ែត អាយុ៥០ឆ្នាំ ត្រូវជាប្រពន្ធ ចំណែកឯប្តីដែលជាជនរងគ្រោះឈ្មោះ ខឹម រី អាយុ ៤៩ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវប្រពន្ធយកចបកាប់ដី កាប់ចំក្បាល រងរបួសធ្ងន់ បញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យត្រូវជាប្រពន្ធ បាននិយាយថា មូលហេតុដែលរូបគាត់ដាច់ចិត្តលើកចបកាប់ដី កាប់ទៅលើប្តីនោះ គឺដោយសារតែខឹងនិងប្តីប្រមឹកពូកែផឹកស្រាស្រវឹង ហើយរករឿងឈ្លោះរៀងរាល់ដង ទើបទ្រាំលែងបាន និងទង្វើរបស់ប្តីប្រមឹកនេះ យកចបកាប់ដី កាប់ទៅលើប្តីតែម្តងទៅ ។
ក្នុងករណីនេះដែរ បានធ្វើឲ្យមានមតិរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋថា ការដោះស្រាយដោយយកអំពើហឹង្សាជាត្រីមុខគឺ ជាការបំផ្លាញអនាគតក្រុមគ្រួសាររបស់ខ្លួន ជាពិសេសគឺកូនៗតែម្តង ខឹងខុស ខឹងខាត ខឹងដោយមិនបានគិតពិចារណាឲ្យដិតដល់ ដែលបន្សល់ទុកត្រឹមការសោកស្តាយតែប៉ុណ្ណោះ ។ បច្ចុប្បន្ននេះស្រ្តីជាប្រពន្ធត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីហើយ នៅថ្ងៃទី ២៧ ខែកុម្ភៈនេះ ៕ដោយ៖តាកែវ