Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ GORO YUASA សន្យាថា​នឹងធ្វើ​កិច្ចការងារ​ជាមួយនឹង​លោក ហ៊ុន ម៉ា​ណែ​ត ​ផ្ទាល់ តាម​ការស្នើ​របស់​សម្តេច​តេ​ជោ​

​ភ្នំពេញ​៖​សម្ដេច​តេ​ជោ ចង់ឃើញ​កិច្ចសហការ​ត្រូវបាន​ពង្រីក​បន្ថែមទៀត ជាពិសេស​រវាង​កងទ័ព​ជើងគោក​របស់​កម្ពុជា និង​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន ក្នុង​លក្ខណៈ​នៃ​ការប្ដូរ​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក ការចូលរួម​សហប្រតិបត្តិ​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ក្នុង​ការចូលរួម​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យនេះ​ផងដែរ​។

​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត​ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ GORO YUASA មេបញ្ជាការ​កង​ស្វ័យការពារ​ទ័ពជើងគោក​នៃ​ប្រទេស​ជ​ជប៉ុន ។​

​ក្នុងជំនួប​នោះ លោក​GORO YUASA បាន​ជំរាបជូន​សម្តេច​តេ​ជោ​ថា លោក​បាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ពជើងគោក​នៃ​ប្រទេស​ជប៉ុន​មក​ទស្សនៈកិច្ច​ក្នុងប្រទេស​កម្ពុជា​តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម ហ៊ុន ម៉ា​ណែ​ត ។ លោក​បាន​ជំរាបជូន​សម្តេច​តេ​ជោ​ថា មុននឹង​ជួបពិភាក្សា​ជាមួយ​សម្តេច​តេ​ជោ​នា​រសៀល​នេះ លោក​ក៏បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​វិមាន​ឈ្នះ​ឈ្នះ​ផងដែរ ហើយ​លោក​បាន​អបអរសាទរ​សមិទ្ធផល ជាពិសេស​ស្នាដៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា​កន្លងទៅនេះ​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​អញ្ជើញលោក​និង​គណៈប្រតិភូ​មក​ទស្សន​កិច្ច​នាពេលនេះ ហើយ​ដំណើរ​ទស្សនកិច្ច​លើក​នេះ​គឺជា​ការចូលរួមចំណែក​ក្នុង​ការបន្ត​ពង្រីកពង្រឹង​កិច្ចសហប្រតិបត្តិការ ទំនាក់ទំនង​ល្អ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន​បន្ថែមទៀត ជាពិសេស​វិស័យ​ការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​កន្លង​នេះ សម្ដេច​តែងតែ​ជំរុញ និង​ព​ង្រឹ​ក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​។ តាមរយៈ​នេះ សម្ដេច​តេ​ជោ​បានធ្វើ​ការងារ​ជាច្រើន​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ហើយ​សម្ដេច​តេ​ជោ​បាន​ចាត់ទុកថា​ជា​ទំនាក់ទំនង​ដែលមាន​យូរណាស់​មកហើយ​។ សម្តេច​តេ​ជោ​បាន​បន្តទៀតថា ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ គឺ​បាន​គ្រប់​ដណ្ដប់​លើ​វិស័យ​ជាច្រើន រួមទាំង​វិស័យ​ការពារជាតិ​ផងដែរ​។ ទន្ទឹមនឹងនេះ សម្ដេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា កន្លងមក កម្ពុជា​តែងតែ​គាំទ្រ​តួនាទី​របស់​ជប៉ុន​ពាក់ព័ន្ធ​ទៅនឹង​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ជាពិសេស​ប្រទេស​ជប៉ុន​បាន​បញ្ជូន​កង​រក្សា​សន្តិភាព​ទៅ​ប្រទេស​កម្ពុជា​ជា​លើកដំបូង​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ​។ ក្រៅពី​ការពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​នេះ សម្ដេច​តេ​ជោ ចង់ឃើញ​កិច្ចសហការ​ត្រូវបាន​ពង្រីក​បន្ថែមទៀត ជាពិសេស​រវាង​កងទ័ព​ជើងគោក​របស់​កម្ពុជា និង​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន ក្នុង​លក្ខណៈ​នៃ​ការប្ដូរ​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក ការចូលរួម​សហប្រតិបត្តិ​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ក្នុង​ការចូលរួម​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យនេះ​ផងដែរ​។

​ក្នុងឱកាស​នេះ​ផងដែរ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​ប្រទេស​ជប៉ុន ដែល​ទី​១)​សម្ដេច​តេ​ជោ បានស្នើ​ឱ្យ​ជប៉ុន​មានការ​គាំទ្រ​រវាង​កិច្ចសហប្រតិបត្តិការ​ក​ង​ទ័ព​មួក​ខៀវ​របស់​ប្រទេស​ជប៉ុន និង​កងទ័ព​មួក​ខៀវ​របស់​ប្រទេស​កម្ពុជា ដែល​ប្រទេស​ទាំងពីរ​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ក​ង​រក្សា​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ​។ ទី​២)​សម្ដេច​តេ​ជោ បាន​ស្នើឱ្យ​ប្រទេស​ជប៉ុន​ចូលរួម​បណ្ដុះបណ្ដាល​កង​ប្រដាប់អាវុធ​ក្នុងប្រទេស​កម្ពុជា ជាពិសេស​ទ័ព​មួក​ខៀវ​ក្នុងប្រទេស​កម្ពុជា​មុន​ប​ញ្ជូ​ន​ចេញទៅ​ចូលរួម​ថែរក្សា​សន្តិភាព​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​។ ជាមួយគ្នានេះ​ផងដែរ សម្តេច​តេ​ជោ​ក៏​ស្នើសុំ​ជប៉ុន​ឲ្យ​មានការ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​កំចាត់មីន​អាស៊ាន ដោយសារ​យើង​មាន​ទីតាំងនៅ​កម្ពុជា​ដែលជា​កន្លែង​បណ្ដុះបណ្ដាល ផ្លាស់ប្ដូរ​បទពិសោធន៍​ក្នុងការ​ដោះមីន​ផងដែរ​។ លើសពីនេះ​ទៀត សម្ដេច​តេ​ជោ​ក៏បាន​ស្នើ​សុំឱ្យ​ជប៉ុន​ចូលរួម​ក្នុងការ​បណ្ដុះបណ្ដាល​ទៅដល់​កងកម្លាំង​របស់​កម្ពុជា​នៅក្នុង​ក្របខណ្ឌ​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដោយសារ​ជប៉ុន​មានបទពិសោធន៍​ច្រើន​ក្នុង​ប្រតិបត្តិការ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​។ ជាក់ស្តែង​សម្តេច​តេ​ជោ​បាន​លើក​ឧទាហរណ៍ ដូចជា​ករណី​បាក់​រលំ​អគារ​រ​នៅ​ខេត្ត​កែប និង​ខេត្ត​ព្រះសីហនុ​ជាដើម​ដែល​កងកម្លាំង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ប្រតិបត្តិការ​នៃ​ការជួយ​សង្គ្រោះ​នេះ​។

​លោក GORO YUASA បាន​ឆ្លើយតប​ទៅ​សម្ដេច​តេ​ជោ​ថា លោក​នឹង​រាយការណ៍​នូវ​សំណើ​នេះ​ទៅ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន ហើយ​ជាពិសេស​ទៀត​គឺ​ការជួយ​ដល់​មជ្ឈមណ្ឌល​កំចាត់មីន​អាស៊ាន ដែលមាន​ទីតាំង​បណ្ដុះបណ្ដាល​នៅ​កម្ពុជា​។ ជប៉ុន​តែងតែ​យកចិត្តទុកដាក់​ហើយ​ជប៉ុន​ចាត់ទុកថា​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ពិសេស​ក្នុងការ​ចូលរួម​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ក្នុងការ​ដោះមីន​នេះ​។ ទន្ទឹមនឹងនេះ ហើយ​លោក​សន្យាថា​នឹងធ្វើ​កិច្ចការងារ​នេះ​ជាមួយនឹង​លោក ហ៊ុន ម៉ា​ណែ​ត
​ផ្ទាល់​។ ជាមួយគ្នានេះ​ផងដែរ ជប៉ុន​នឹង​ពិចារណា​ក្នុង​ការជួយ​ដល់​កងទ័ព​មួក​ខៀវ​កម្ពុជា​ក្នុងការ​បណ្ដុះបណ្ដាល​មុននឹង​ចេញទៅ​ក្រៅប្រទេស​ផងដែរ​។ ហើយ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​គ្រោះមហន្តរាយ​នេះ លោក​ក៏មាន​គោលបំណង​ក្នុង​កិច្ចសហប្រតិបត្តិការ ជាមួយ​កងទ័ពជើងគោក​នៃ​ប្រទេស​កម្ពុជា​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

×