ថ្មីៗនេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ បានចេញមុខមកបកស្រាយ និងបំភ្លឺចំនួន៤ចំណុច ក្រោយពីប្រជាជនខ្មែរ និងទំព័រហ្វេសប៊ុក «វប្បធម៌ខ្មែរ» បានផ្ទុះការរិះគន់ ទៅលើភាពយន្តថៃដែលបានប្រើប្រាស់ព្រះឆាយាល័ក្ខណ៍នៃសម្ដេចរាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី នៅក្នុងខ្សែភាពយន្តថៃរឿង អសូរភីត របស់ខ្លួនបែបនេះទៅវិញ។
តាមរយៈទំព័រហ្វេសប៊ុក «វប្បធម៌ខ្មែរ» បានបង្ហោះសំណេរបកស្រាយរបស់លោក ប៉ុក បូរក្ស ដែលមានខ្លឹមសារដើមទាំងស្រុងដូចតទៅ៖
«នេះជាសំណេរខមិនទាំងស្រុងពីការស្រាយបំភ្លឺរបស់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មកកាន់ គេហទំព័រវប្បធម៌ខ្មែររបស់យើងខ្ញុំ :
ជាដំបូង ខ្ញុំសូមអរគុណចំពោះម្ចាស់ផេក វប្បធម៌ខ្មែរ ក៏ដូចជាបងប្អូនជនរួមជាតិផ្សេងទៀតដែលរមែងយកចិត្តទុកដាក់ចូលរួមចំណែកថែរក្សា ការពារ និងលើកតម្កើងតម្លៃសិល្ប:វប្បធម៌ជាតិយើង។ ក្នុងនាម នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ខ្ញុំសូមបំភ្លឺនូវចំនុចមួយចំនួនដូចខាងក្រោម ៖
១. ភាពយន្តភាគថៃខាងលើនេះ មិនបានថតនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនោះទេ គឺថតនៅក្នុងទឹកដីថៃ។ ប្រការនេះគឺហួសដែនសមត្ថកិច្ចនៃច្បាប់កម្ពុជាដែលតម្រូវឲ្យមានការសុំការអនុញ្ញាតថតពី ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:កម្ពុជា។
២.ចំពោះរូបភាពនៅក្នុងភាពយន្តខាងលើនេះដែលប្រើប្រាស់រូបព្រះឆាយាល័ក្ខណ៍របស់សម្តេចព្រះរៀម រាជ បុត្រី នរោត្តម បុប្ជាទេវី អាចជាករណីរំលោភលើសិទ្ធិឯកជនរបស់សម្តេចរាជបុត្រីព្រះរៀមក្នុងករណីផលិតកម្មរបស់ថៃពុំបានស្នើសុំសិទ្ធិប្រើប្រាស់ពីសម្តេចព្រះរៀមរាជបុត្រីផ្ទាល់កាលព្រះអង្គនៅមានព្រះជន្មនៅឡើយ ឬ ក៏ពុំបានសុំសិទ្ធិពីព្រះញ្ញាតិផ្ទាល់របស់ទ្រង់។ រីឯសេចក្តីក្នុងរឿងនោះដែលក្រុមការងារយើងខ្ញុំបានពិនិត្យ ដោយមានជំនួយពីសហការី ដែលចេះភាសាថៃវិញឃើញថា ពុំមានផលប៉ះពាល់អ្វីនោះទេ ពោលគឺគេបានលើកឡើងពីបង្ហាញរបស់សាស្ត្រចារ្យម្នាក់ធ្វើបទបង្ហាញដោយមានបញ្ចាំងរូបភាពទេពអប្សរនៅលើជញ្ជាំងប្រាសាទបុរាណខ្មែរនិងព្រះព្រះឆាយាល័ក្ខណ៍របស់សម្តេចព្រះរៀម។ ក្នុងសេចក្តីអធិប្បាយដែលសហការីបានប្រែគឺ “នៅភាគឥសានខាងត្បូងនៃប្រទេសថៃដែលទទួលឥទ្ធិពលពីខម អ្នករបាំតែងតែតែងគ្រឿងលំអរកាយមានទំនោរទៅរកខមដូចគ្នា។“ “ខម”នេះគឺ “ខ្មែរ”នោះឯង។ “ខម”នេះ បើតាមអ្នកភាសាវិទូូបានបកស្រាយប្រាប់ខ្ញុំ គឺជាសំនៀងភាសាសៀមសម្រាប់ពាក្យខ្មែរថា “ក្រោម” ពោលគឺសំដៅអ្នកស្រុកផ្នែកខាងក្រោម ដែលសម្តៅមកខ្មែរ យើង។
៣. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើតាមគ្រប់រូបភាពតាមរយៈការផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ មានការរៀបចំជាព្រឹត្តិការណ៍វប្បធម៌ធំៗ ការទាមទារយកវត្ថុបុរាណពីបរទេស ការចុះបញ្ជីបេតិកភណ្ឌជាមួយអង្គការយូណេស្កូ…គឺក្នុងបំណងការពារនិងលើកតម្កើងនូវកិត្យានុភាព អត្តសញ្ញាណ ព្រមទាំងសិល្បៈ វប្បធម៌ប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ តាមលទ្ធភាពដែលអាចធ្វើទៅបាន។
៤. ក្រសួងតែងតែយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដល់វប្បធម៌ជាតិ ដោយបានចាត់វិធានការតាមផ្លូវច្បាប់នានាដោយមានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិនានា ជាពិសេសគឺការចូលរួមរបស់បងប្អូនជនរួមជាតិតែម្តង។
ជាទីបញ្ចប់ ខ្ញុំសូមអរគុណដល់ម្ចាស់ផេក វប្បធម៌ខ្មែរជាអនេក និងសង្ឃឹមថាលោកនឹងបន្តជួយជ្រោមជ្រែងការពារប្រយោជន៍ជាតិតទៅមុខទៀត។
ដោយគោរពពីខ្ញុំ» ៕ ដោយ៖ លឹម ហុង