ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសជូនដំណឹងដល់ សាធារណជន និងអ្នកសារព័ត៌មាន ឱ្យបានជ្រាបថា នៅវេលាម៉ោង ១០ព្រឹក ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីជនជាតិចិនម្នាក់ បានដេកស្លាប់ នៅជិតរង្វង់មូលមច្ឆា ក្នុងបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បញ្ជាក់ថា ជនជាតិចិនដែលស្លាប់នេះ មានឈ្មោះ (Niu Shuangsuo) ភេទប្រុស អាយុ៥១ឆ្នាំ មានទីកន្លែងកំណើតខេត្តកានស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ចជំនាញបញ្ជាក់ ថាបុរសជនជាតិចិនខាងលើនេះ ស្លាប់ដោយសារគាំងបេះដូង ដោយមិនមានតម្រុយ នៃបទល្មើសព្រហ្មទណ្ឌនោះទេ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបជូនដំណឹងដល់ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងកុំឲ្យមានការភ្ញាក់ផ្អើល៕ ដោយ៖ ដែន សីមា