Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាមិនអាចពឹងផ្អែកទៅលើតែឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌដើម្បីសម្រេចនូវ ចក្ខុវិស័យឆ្នាំ២០៥០បានទេ ហើយវាជាការចាំបាច់ណាស់ក្នុងការជំរុញឧស្សាហូនីយកម្មនៅកម្ពុជា តាមរយៈការធ្វើពិពិធកម្ម

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ ២០២៣-២០២៤។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជនដែលមានសកម្មភាពវិនិយោគលើវិស័យទាំងពីរ សភាពាណិជ្ជកម្មកម្ពុជា សមាគម ឧកញ៉ាកម្ពុជា សមាគមធុរកិច្ចជាតិនិងអន្តរជាតិ វិទ្យាស្ថានអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សមាជិកលេខាធិការដ្ឋាន IDP នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបប្រមាណ ១៦៤នាក់។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទី បង្ហាញផ្លូវក្នុងឆ្នាំ២០២៣-២០២៤ និងលើកកម្ពស់ការជជែកពិភាក្សាជាមួយវាគ្មិនដែលអញ្ជើញមកពី ក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ក្នុងការទទួលបានធាតុចូលនិងអនុសាសន៍ចាំបាច់បន្ថែមទៀត ដើម្បីជាមូលដ្ឋានតម្រង់ទិសក្នុងការដាក់ចេញនូវវិធានការ ឬយុទ្ធសាស្ត្រគន្លឹះថ្មីៗ សំដៅជំរុញការអភិវឌ្ឍ វិស័យទាំងពីរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ព្រមទាំងពង្រឹងភាពធន់នៃសេដ្ឋកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលឥតឈប់ឈរនៃស្ថានភាពសេដ្ឋកិច្ចសកល ដែលហ៊ុមព័ទ្ធដោយ ភាពមិនប្រាកដប្រជាខ្ពស់ និងពិបាកប៉ាន់ស្មាន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. បាន សម្តែងនូវសេចក្ដីស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់តំណាងក្រសួង ស្ថាប័ន និងវិស័យឯកជន ពាក់ព័ន្ធទាំងអស់ដែលបានអញ្ជើញចូលរួមសិក្ខាសាលានាព្រឹកនេះ។ ទន្ទឹមនេះ ឯកឧត្ដម ឧបនាយករដ្ឋមន្តី បានលើកឡើងអំពីសាវតារនៃការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក កម្ពុជា និងការសម្រេចបាននូវសមិទ្ធផលថ្មីមួយទៀតនោះគឺការដាក់ចេញនូវរបាយការណ៍វាយតម្លៃលើ ការអនុវត្តផែនទីបង្ហាញផ្លូវ ក្នុងឆ្នាំ២០២៣-២០២៤ ដែលទទួលបាននូវការឯកភាពពីរាជរដ្ឋាភិបាលកាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួង សា្ថប័ន និងវិស័យឯកជនពាក់ព័ន្ធ តាមរយៈកិច្ចពិគ្រោះយោបល់ និងការចូលរួមកិច្ចប្រជុំជាច្រើនលើក ទាំងកម្រិតយុទ្ធសាស្ត្រ កម្រិតវិស័យ និងកម្រិតបច្ចេកទេស។

បន្ថែមពីនេះ ឯកឧត្តម ក៍បានលើកឡើងផងដែរថា កម្ពុជាមិនអាចពឹងផ្អែកទៅលើតែឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌដើម្បីសម្រេចនូវ ចក្ខុវិស័យឆ្នាំ២០៥០បានទេ ហើយវាជាការចាំបាច់ណាស់ក្នុងការជំរុញឧស្សាហូនីយកម្មនៅកម្ពុជា តាមរយៈការធ្វើពិពិធកម្ម ក្នុងរូបភាពជាការធ្វើពិពិធកម្មមុខទំនិញនាំចេញ មូលដ្ឋានផលិតកម្ម និង ទីផ្សារនាំចេញ ដោយរក្សាទីផ្សារចាស់ និងបង្កើតទីផ្សារថ្មី ជាពិសេស ការធ្វើទំនើបកម្មឧស្សាហកម្មពី ឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលពឹងផ្អែកទៅលើជំនាញ បច្ចេកវិទ្យា និងតម្លៃបន្ថែមខ្ពស់។

ជាកិច្ចបន្ទាប់នៃអង្គសិក្ខាសាលា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការ- វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានលេខាធិការដ្ឋាន IDP បានធ្វើបទបង្ហាញអំពី របាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ ២០២៣-២០២៤ ដែលផ្ដោតលើខ្លឹមសារសំខាន់ៗរួមមាន៖ (១) វដ្ដនៃការជំរុញការអនុវត្តផែនទី បង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និង អេឡិចត្រូនិកកម្ពុជា (ផ.អ.យ.អ.) និង ការរៀបចំរបាយការណ៍ វាយតម្លៃលើការអនុវត្ត (២) រចនាសម្ព័ន្ធរបាយការណ៍ (៣) វិធីសាស្រ្តនៃការវាយតម្លៃ (៤) លទ្ធផលន ការវាយតម្លៃលើការអនុវត្ត ផ.អ.យ.អ. (៥) វឌ្ឍនភាពនៃការអនុវត្តវិធានការ និង ការស្ទង់មតិពីវិស័យឯកជន (៦) បញ្ហាប្រឈម និងហានិភ័យ និង(៧) សេចក្តីសន្និដ្ឋាន អនុសាសន៍ និងទិសដៅការងារបន្ត ហើយក៏ មានការចូលរួមសួរសំណួរ-ចម្លើយយ៉ាងផុសផុលពីសំណាក់អ្នកចូលរួមផងដែរ។

ជាកិច្ចបន្ត អង្គសិក្ខាសាលាក៏បានរៀបចំកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងកិច្ចសម្រួល ពាណិជ្ជកម្ម និងការបង្កើនការនាំចេញក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក ដោយបានអញ្ជើញវាគ្មិន កិត្តិយសចំនួន៥រូប មកពីក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា និងសមាគមផលិតគ្រឿងអេឡិចត្រូនិក និង បច្ចេកវិទ្យាកម្ពុជា។ វេទិកានេះ គឺជាកិច្ចពិភាក្សាមួយដ៏មានសារៈសំខាន់ក្នុងការបំផុសគំនិត និងស្នើសុំមតិ យោបល់ពីអ្នកចូលរួមទាំងអស់ ដើម្បីទទួលបានធាតុចូលក្នុងការជំរុញការអភិវឌ្ឍក្នុងវិស័យទាំងពីរឱ្យមាន ការរីកចម្រើនបន្ថែមទៀត។

ជាកិច្ចថ្លែងក្នុងពិធីបិទអង្គសិក្ខាសាលា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការ- វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីទិសដៅការងារបន្តក្នុងការរៀបចំ និង ការត្រៀមលក្ខណៈឱ្យបានរួចរាល់ តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការដាក់ចេញនូវវិធានការ មុតស្រួចសំដៅជំរុញការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត និងបានថ្លែងអំណរគុណដល់តំណាងក្រសួង ស្ថាប័ន វិស័យឯកជន និងតួអង្គពាក់ព័ន្ធទាំងអស់ក្នុង ការចូលរួមចំណែកធ្វើឱ្យសិក្ខាសាលានាព្រឹកនេះបញ្ចប់ដោយរលូន និងជោគជ័យតាមផែនការដែលបានរំពឹងទុក៕​រក្សាសិទ្ធដោយ៖សុទ្ធលី

×