Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Jica ស្នើឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តារ​ប្រឡាយ បូម​លូ លាង​សំអាត​បំពង់​លូ​និង​អណ្តូង​លូ ឱ្យបាន​រាល់​ឆ្នាំ​

ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា Jica ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​ការកសាង​បណ្តាញ បង្ហូរទឹក​កខ្វក់​ចេញពី​រាជធានី​ភ្នំពេញ ដោយមាន​កិច្ច​សហ​ប្រប​ត្តិ​ការ​យ៉ាង​ល្អ ជាមួយ​ភាគី​ពាក់ព័ន្ធ​របស់​កម្ពុជា បាន​ស្នើឱ្យ​រដ្ឋបាល​រាជធានី​ស្តារ​ប្រឡាយ​ដែលមាន​ស្រាប់ កសាង​ប្រព័ន្ធ​បង្ហូរ​ថ្មី និង មាន​ការលាង​សម្អាត​បំពង់​លូ អណ្តូង​លូ ឱ្យបាន​រៀងរាល់ឆ្នាំ ដើម្បី​ជម្រុញ​ល្បឿន​ទឹក​ហូរ កាត់បន្ថយ​ការ​ជន​លិច​ទឹក​ក្នុង​រាជធានី​ផ្នំ​ពេញ​។​

​ថ្លែង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ និង រាយ​ការជូន​ពី​សកម្មភាព បណ្តុះបណ្តាល​មន្ត្រី មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៦ ខែតុលា​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ លោក ស៊ូ​ហ្កា​ណុ យូ​អ៊ី​ឈី ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន បាន​ជម្រាប់ជូន​លោក​អភិបាល​រាជធានី​ថា ប្រព័ន្ធ​លូបង្ហូរទឹក ពិត​ជាមាន​សារៈសំខាន់​ណាស់ ដែល​ទាម ទារ​ឱ្យមាន​ការថែទាំ លាង​សំអាត និង​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ឱ្យបាន​ជាប្រចាំ ។ លោក​ថា ដើមឡើយ​នៅ​ទីក្រុង​មួយចំនួន​របស់​ជប៉ុន ក៏មាន​បញ្ហា​ដូច​រាជធានី​ភ្នំពេញ​ដែរ តែ​ក្រោយមក រដ្ឋាភិបាល​បាន​កែសម្រួល​ការគ្រប់គ្រង រួមផ្សំ​ជាមួយ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ផង​នោះ បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយបាន​យ៉ាង​ល្អប្រសើរ​។​
​ជាមួយគ្នា​នោះ លោក​ស្នើឱ្យ​រដ្ឋបាល​រាជធានី បន្ត​ការស្តារ និង​បាញ់​លាង​បំពង់​លូ អណ្តូង​លូ នៅ​តំបន់​ជាច្រើន​ទៀត​ក្នុង​រាជធានី​ដែលមាន​ការលិចលង់​ខ្លាំង​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​។​

​អ្នកជំនាញ​មកពី​ទីក្រុង Kitakyushu បានលើកឡើង​នូវ​របាយការណ៍មួយចំនួន ដែ​ចាយ​ការ បាន​ជួយ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ជំនាញ នៃ មន្ទីរ​សាធារណៈ ក្នុង​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ ដោយបាន​អនុវត្ត​ផ្ទាល់​ក្នុង​ការបាញ់​លាង​បំពង់​លូ និង​អណ្តូង​លូ ដែល​ស្ថិតនៅក្នុង​បរិវេណ​វត្តភ្នំ ដើម្បី​ធានាថា បំពង់​និង​អណ្តូង​លូ មិនមាន​អ្វី​កក់ស្ទះ​ទៀត​ទេ ពោលគឺ​តំបន់​នោះ អាចជួយ​ជម្រុញ​ល្បឿន​ទឹក​ជំ​ន់​ទឹកភ្លៀង​បាន​លឿន មិន​បង្ករ​ឱ្យមាន​ការលិចលង់​យូ​នៅក្នុង​តំបន់​នោះ​ទៀតឡើយ​។​

​ជាការ​ឆ្លើយតប លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ និង​ចាត់ទុក​ជប៉ុន​ជា​មិត្ត​ដ៏​ល្អ​កម្រ​មាន ដោយសារ​មិន​ម្នាក់នេះ បាន​ជួយ​កម្ពុជា​ដោយ​ចិត្ត​ស្មោះ ពៅ​ល​គឺ​ជួយ​ទាំង​ថវិកា បច្ចេកទេស និង​ធនធានមនុស្ស ពិសេស​បានគិត​គូរ​ដោយ​យកចិត្តទុកដាក់​បំផុត ក្នុងការ​ដោះស្រាយ​បញ្ហា​ការកកស្ទះ​ចរាចរ ការ​ជន់​លិច​ជំនន់​ទឹកភ្លៀង និង បញ្ហា​ជាច្រើន​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​តាម​បណ្តា​ខេត្ត​នានា​ជាច្រើន​ទៀត​។​

​ទាក់ទិន​នឹង​បញ្ហា​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នោះ លោក​អភិបាល បាន​ជម្រាបជូន​ថា បញ្ហា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​ផែនការ និង​មាន​ឆន្ទៈ​យ៉ាងច្បាស់ ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​នៅក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ​។ លោក​អភិបាល​បញ្ជាក់ថា គម្រោង​ស្តារ​ប្រឡាយ ថ្មី​ចាស់ ត្រូវបាន​អនុវត្ត​ជា​បន្តបន្ទាប់ ហើយ ផែនការ​ស្តារអណ្តូង​លូ បំពង់​លូ គឺជា​អាទិភាព​មួយ ដែល​ក្នុង​មុខដំណែង​ជា​អភិបាល​នេះ​លោក​ត្រូវ​ធ្វើឱ្យបាន ដើម្បី​កាត់បន្ថយ ឬ លុបបំបាត់​ការ​ជន់​លិច​លំនៅដ្ឋាន ផ្លូវ ថ្នល់​នានា​ក្នុង​រាជធានី​ភ្នំពេញ​។

​លោក ឃួ​ង ស្រេង បញ្ជាក់ថា ការលាង​សំអាត​បំពង់​លូ​នៅ​ភ្នំពេញ​នេះ មាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ពឹងផ្អែក​តែ​លើ​រថយន្ត​បាញ់​លាង ជា​ជំនួយ​របស់​មិត្ត​ជប៉ុន​មួយ​មុខ​មិនទាន់​គ្រប់គ្រាន់​ទេ គឺ​ត្រូវ​ប្រើ​កម្លាំង​មនុស្ស​ចុះ​ដោយផ្ទាល់ ព្រោះថា​បណ្តាញ​លូបង្ហូរទឹក​កខ្វក់​ទាំង​អស់ មានការ​កក់ស្ទះ​ជា​យូ​ឆ្នាំ​ណាស់​មកហើយ ដោយសា​ការហូរចូល​ដី សំរាម ថង់​ផ្លា​ស្ទីក និង​របស់របរ​រឹងៗ​មួយចំនួនទៀត ដែល​ប្រជាជន​បាន​បោះចោល​។​

​យ៉ាងណាក៏ដោយ​លោក​អភិបាល បានទទួល​យក​នូវ​សំណើរ និង អនុសាសន៍ បទពិសោធន៍​ដែល​អ្នកជំនាញ​ជប៉ុន​ផ្តល់​ឱ្យទៅ​អនុវត្ត លើ​ការងារ​ការពារ ថែរក្សា និង បាញ់​លាង​បំពង់​លូ​ង អណ្តូង ក្នុង​រាជធានី​នេះ​ឱ្យបាន​ល្អប្រសើរ ហើយ​សន្យាថា នៅ​ខែប្រាំង​ឆ្នាំ​២០១៨​ខាងមុខនេះ នឹង​អនុវត្ត​ការងារ​នេះ​ឱ្យបាន​ខ្លាំង​ក្លាយ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ធានាថា ជំនន់​ទឹកភ្លៀង​នឹងមិន​បង្ករ​បញ្ហា​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទៀតឡើយ​ពិសេស​ក្នុង​រដូវវស្សា​តែម្តង​៕​​ដោយ​៖​ជាលី​

×