ភ្នំពេញ៖ ប្រធានអូឡាំពិកកម្ពុជា បានអះអាងថា យើងទាំងអស់គ្នាជាមហាគ្រួសារកីឡាជាតិ ជាអង្គការកីឡាជាតិ ស្ថាប័នកីឡាជាតិ ដែលមានតួនាទីភារកិច្ចទទួលខុសត្រូវ លើជោគវាសនាកីឡាជាតិ ទៅថ្ងៃអនាគត ពិសេសលើការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២៩កុម្ភៈនេះ បានបើកធ្វើមហាសន្និបាតប្រចាំឆ្នាំ ដើម្បីបូកសរុបលទ្ធផលការងារមួយឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំ២០២០នេះ ក្រោមវត្តមានរបស់លោកបណ្ឌិតថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងសហព័ន្ធកីឡាជាតិទាំងក្នុងអូឡាំពិក និងមិនអូឡាំពិក ។
ថ្លែងបើកមហាសន្និបាត លោកបណ្ឌិតថោង ខុន បានបញ្ជាក់ថា ឆ្នាំ២០១៩ជាឆ្នាំនៃរបត់កំណែទម្រង់នៃរបបគ្រប់គ្រងវិស័យកីឡាជាតិ និងសហព័ន្ធកីឡាជាតិ ។ អ្វីដែលដែលត្រូវជម្នះបាននូវឧបសគ្គទាំងឡាយ ដែលរាំងស្ទះដំណើរ ការវិវត្តន៍នៃវិស័យកីឡា គឺមានតែការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវតាមគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងតាមគោលនយោបាយជាតិ ស្តីពីវិស័យអប់រំកាយនិងកីឡា ពិសេសអនុវត្តឲ្យបានតាមផែនការមេឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡា SEA Games លើកទី៣២ ឆ្នាំ ២០២៣ ទើបបេសកកម្មរបស់យើង ឆ្ពោះទៅរកភាពជោគជ័យបាន ។
លោកបានបញ្ជាក់ថា ក្នុងការត្រៀមសម្រាប់ឆ្នាំ២០២៣នេះ យើងក៏ត្រូវតាមដាននិងពិនិត្យមើលលើបញ្ហា វីរុសខូវីត១៩ តើវាអាចប៉ះពាល់ ដល់ការត្រៀមបម្រុងចំពោះដំណើរការ ត្រៀមរៀបចំ របស់យើងកម្រិតណាដែរ។
លោកប្រធានអូឡាំពិកបន្តថា យើងទាំងអស់គ្នាជាមហាគ្រួសារកីឡាជាតិ ជាអង្គការកីឡាជាតិ ស្ថាប័នកីឡាជាតិ ដែលមានតួនាទីភារកិច្ចទទួលខុសត្រូវ លើជោគវាសនាកីឡាជាតិទៅថ្ងៃអនាគត ពិសេសលើការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ។ អ្វីៗជាសមិទ្ធផលនេះ គឺជាសច្ចភាពប្រវត្តិ សាស្ត្រដែលយើងបានខិតខំប្រឹងប្រែង ធ្វើដោយឆន្ទៈមោះមុតនិងមានមោទនភាពបំផុត ប៉ុន្តែយើងក៏ត្រូវស្វែងយល់ឱ្យស៊ីជម្រៅលើបញ្ហាប្រឈម ចំណុចខ្វះខាត និងឧបសគ្គនានា ដែលរាំងស្ទះដំណើរការកសាងគុណភាព សមត្ថភាពនិងឧត្តមភាពកីឡាជាតិ ឆ្ពោះទៅជោគជ័យរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ។ ចាប់ពីពេលនេះតទៅ ត្រូវរួមគ្នាហ៊ាននិយាយការពិតនិងបកស្រាយអាថ៌កំបាំងនានាអនុវត្ត យ៉ាងម៉ឺងម៉ាត់នូវអភិក្រមទាំង៥ របស់សម្ដេចតេ ជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលគឺងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់ ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យកីឡា។ មហាសន្និបាតយើងពេលនេះ ត្រូវឆ្លុះបញ្ចាំងឱ្យឃើញនូវឧបសគ្គ ពិនិត្យរោគជាច្រើននៅរាល់ទម្រង់ នៃមេរោគជំងឺរ៉ាំរ៉ៃ ដើម្បីត្រៀមដាក់ថ្នាំព្យាបាលនិងវះកាត់ ពិសេសយកចិត្តទុកដាក់ពង្រឹងសហព័ន្ធកីឡាជាតិ មន្ត្រីកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការិនី ជាអាទិភាពដើម្បីជំរុញប្រសិទ្ធភាពកីឡាផង និងជាក្តីសង្ឃឹមជោគជ័យស៊ីហ្គេមឆ្នាំ២០២៣ផង។
លោកថោង ខុន បញ្ជាក់ថា អ្វីៗទាំងអស់នេះ អាចទទួលបានការរីកចម្រើន គឺពិតជាបានមកពីការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង របស់រាជរដ្ឋាភិបាលក្រសួងអប់រំយុវជននិងកីឡា សហព័ន្ធកីឡាជាតិ និងបានការយកចិត្តទុកដាក់ក្នុងការជំរុញ វិស័យកីឡាជាតិបានសហការយ៉ាងកក់ក្តៅ និងជិតស្និទ្ធ ស្មារតីកីឡាជាតិតែមួយ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើឲ្យកីឡាកម្ពុជាកាន់តែរឹងមាំ និងមានមោទនភាពជាតិយ៉ាងខ្លាំង តាមរយៈព្រឹត្តិការណ៍កីឡាជាតិ ការប្រកួតកីឡាអាស៊ីជាដើម។ ជាទូទៅគ្រប់ចលនាកីឡាមានភាពផុលផុស និងមានការខិតខំប្រឹងប្រែងទាំងអស់គ្នា មានសាមគ្គីភាពផ្ទៃក្នុងបានល្អ យន្តការសម្រប សម្រួលត្រូវបានថ្នាក់ដឹកនាំចាត់ទុកជាអាទិភាព ក្នុងភាពជាដៃគូយុទ្ធសាស្រ្តការងារកីឡា និងការកសាងអភិវឌ្ឍន៍វិស័យកីឡាជាតិតែមួយ។
ជាមួយនឹងការថ្លែងបើកមហាសន្និបាត របស់ប្រធានអូឡាំពិកនោះ អង្គមហាសន្និបាតបានពិនិត្យមើលរបាយការណ៍ការងារប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ ដែលបានបង្ហាញពីការត្រៀមលក្ខណៈ ចូលរួមព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងពិភាក្សាពីគម្រោងផែនការសហ ព័ន្ធកីឡាជាតិសម្រាប់ឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ដោយ៖កូឡាប