ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនឹងធ្វើការចុះត្រួតពិនិត្យធ្វើអធិការកិច្ចសំណង់ នៅតាមបណ្តាការដ្ឋានហើយប្រសិនបើពិនិត្យឃើញថាសំណង់ណាដែលសាងសង់ខុស ពីលិខិតបទដ្ឋានគតិយុត្តិនោះ នឹងមានការចាត់វិធានការតាមផ្លូវច្បាប់។
ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ ដែលបានចុះបញ្ជីមានសុពលភាព សរុប1200រូប បានចូលរួមក្នុងវគ្គផ្សព្វផ្សាយស្តីពីច្បាប់សំណង់ លើកទី4 នាថ្ងៃទី02 ខែមិនា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្នុងវគ្គផ្សព្វផ្សាយនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាបានឲ្យដឹងថា នេះជាលើកទី4ហើយ ដែលក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់សំណង់នេះ ឡើងដែលកាលពី3វគ្គមុន មានអ្នកចូលរួមចំនួន3289រូប ហើយបានកត់សម្គាល់ឃើញថាមានស្ថាបត្យករចូលរួមចំនួន91% ។ ការដែលក្រសួងរៀបចំវគ្គផ្សព្វផ្សាយច្បាប់សំណង់នាពេលនេះ គឺដើម្បីជំរុញឲ្យវិស័យសំណង់បានក្លាយទៅជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ម្យ៉ាងទៀតក៏ដើម្បីប្រមូលបានធនធានមនុស្ស ដែលបានទទួលការបណ្តុះបណ្តាល ច្បាស់លាស់អំពីច្បាប់សំណង់ដែលចាត់ទុកថាជាសមិទ្ធផលរួម របស់ជាតិនិងប្រជាជន បានខិតខំកសាងធនធានមនុស្សនេះរយៈពេល41ឆ្នាំកន្លងមក។ ចំណេះនិងវិជ្ជាជីវៈពិតប្រាកដដ៏កម្រនេះចាត់ទុកថា យើងអាចមានសមត្ថភាពក្នុងការទ្រទ្រង់រ៉ាប់រងវិសាលភាពការងារហើយ ក៏មិនចាញ់ស្ថាបត្យករឬវិស្វករមកពីបរទេសនោះដែរ។
លោកបានចាត់ទុកថា សមត្ថភាពរបស់ស្ថាបត្យករ ឬវិស្វករក្នុងប្រទេស គឺជាសក្តានុពលដ៏ធំធេង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមហ៊ុនសិក្សាគម្រោងប្លង់និងសាងសង់ និងរូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់ទាំងអស់ ឲ្យចូលរួមគាំទ្រនូវច្បាប់ស្តីពីសំណង់ ឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់។ ក្រោយពីបានបញ្ចប់វគ្គផ្សព្វផ្សាយនាពេលនេះ ហើយលោកនឹងផ្សព្វផ្សាយច្បាប់សំណង់នេះ ទៅដល់បណ្តានិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗទៀត និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តរាជធានីទូទាំងប្រទេស បន្ទាប់មកក៏នឹងមានការប្រជុំផ្សព្វផ្សាយ ជាមួយព្រះរាជអាជ្ញា មេធាវី និងក្រលាបញ្ជីសំដៅឲ្យការអនុវត្តច្បាប់សំណង់នេះ ស្របទៅតាមលិខិតបទដ្ឋានផង ស្របតាមច្បាប់ផង ហើយជាការអនុវត្តនូវវិធានការច្បាប់ផងដែរ។ ការចូលរួមទទួលការបណ្តុះបណ្តាល ដើម្បីបានយល់ដឹងអំពីច្បាប់ស្តីពីសំណង់នេះ គឺដើម្បីបានទទួលវិញ្ញាបនបត្របញ្ជាក់ថា បានចូលរួមវគ្គផ្សព្វផ្សាយ និងបានយល់ដឹងនូវខ្លឹមសារជាសារវ័ន្ត ដែលច្បាប់សំណង់បានកំណត់ អំពីកាតព្វកិច្ចរបស់ក្រុមហ៊ុនសិក្សាគម្រោងប្លង់និងសាងសង់និងរូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់ទាំងអស់។ នៅពេលដែលក្រសួងបានរៀបចំផ្សព្វផ្សាយច្បាប់នេះ មានលក្ខណៈគ្រប់គ្រាន់ហើយនោះ ក្រសួងនឹងធ្វើការចុះត្រួតពិនិត្យធ្វើអធិការកិច្ចសំណង់ នៅតាមបណ្តាការដ្ឋានហើយប្រសិនបើពិនិត្យឃើញថា សំណង់ណាដែលសាងសង់ខុស ពីលិខិតបទដ្ឋានគតិយុត្តិនោះនឹងមានការចាត់វិធានការតាមផ្លូវច្បាប់។
លោក ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឲ្យមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីជំរុញឲ្យក្រុមហ៊ុនសាងសង់ឬវិស្វករ ស្ថាបត្យករក្នុងស្រុកមានការងារធ្វើទាំងអស់គ្នា ដោយរាល់ការដ្ឋាននីមួយៗ ត្រូវមានវិស្វករឬស្ថាបត្យករប្រចាំការដ្ឋានយ៉ាងហោចណាស់2នាក់ ព្រមទាំងបានគាំទ្រ ដល់ក្រុមហ៊ុនសាងសង់មកពីបរទេសទាំងអស់ ឲ្យបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងអនុវត្តច្បាប់ ស្តីពីសំណង់និងច្បាប់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀតក៏បានគាំទ្រដល់វិស័យអចលនវត្ថុដែលចាត់ទុកថា ជាវិស័យមួយដែលមានសារសំខាន់ សម្រាប់សេដ្ឋកិច្ចជាតិផងដែរ។
លោកបានសំណូមពរឲ្យអ្នកចូលរួមក្នុងវគ្គផ្សព្វផ្សាយ នាពេលនេះរួមគ្នាគាំទ្រ ក្នុងការអនុវត្តច្បាប់សំណង់នេះអោយបានត្រឹមត្រូវ មានប្រសិទ្ធភាព និងកុំបណ្តែតបណ្តោយ ឲ្យការសាងសង់សំណង់ផ្សេងៗ គ្មានបទដ្ឋានបច្ចេកទេសច្បាស់លាស់ ឬគ្មានលិខិតអនុញ្ញាតសាងសង់ ដែលបង្កជាវិបត្តិផ្សេងៗ ដូចពេលកន្លងមក ដើម្បីធ្វើយ៉ាងណា ឲ្យព្រះរាជាណាចក្រកម្ពុជា មានសំណង់ប្រកបទៅ ដោយសុវត្ថិភាព សោភ័ណភាព មានសំណង់ដែលអាចចូលរួមចំណែក ទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងបុគ្គលសំដៅផ្តល់ជាប្រយោជន៍រួម សម្រាប់ប្រជាពលរដ្ឋ៕ដោយ៖កូឡាប