ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បត៍ទី១៨ ខែមករា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ គោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
“គោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧- ២០៣០” ត្រូវបានរៀបចំឡើង ស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងទិសដៅអភិវឌ្ឍន៍ និងជំរុញប្រព័ន្ធសុខុមាល ភាពមនុស្សចាស់ឲ្យមានលក្ខណៈប្រមូលផ្ដុំ និងមានសង្គតិភាពទៅនឹងគោលនយោបាយនានា ដែលបាននិងកំពុងដាក់ឲ្យអនុវត្ត។
ក្នុងឱកាសនោះដែរ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចយុវនីតិសម្បទានិងអតីតយុទ្ធជន បានថ្លែងថា ពិធីជាសក្ខីមួយទៀតដែលបានឆ្លុះបញ្ចាំងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន លើការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ជាពិសេសលើវិស័យសុខុមាលភាពមនុស្សចាស់ តាមរយៈគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសុខុមាលភាពមួយ ប្រកបដោយចីរភាព។ ប្រជាជនកម្ពុជាបាននិងកំពុងរស់នៅពោរពេញដោយសន្តិភាពពេញបរិបូរណ៍ និងកំពុងតែមានមោទនភាពជាមួយនឹងសមិទ្ធផលនៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌ ។
គោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧- ២០៣០ គឺជាផែនទីមគ្គុទ្ទេសក៍ រយៈពេលវែងសម្រាប់ប្រព័ន្ធសុខុមាលភាពមនុស្សចាស់ទូទាំងប្រទេស ដែលរំលេចឲ្យឃើញពីតថភាពនៃប្រព័ន្ធសុខុមាភាពមនុស្សចាស់ ព្រមទាំងដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រផែនការសកម្មភាព២០១៨-២០២០ សំដៅអនុវត្តន៍ផែនការនេះប្រសិទ្ធភាពស្របតាមការវិវត្តន៍នៃប្រទេសកម្ពុជា ។ ចំនួនមនុស្សវ័យចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងឆ្នាំ២០១៣មានប្រមាណ ៨ភាគរយ ស្នើនឹង១,២លាននាក់ នៃចំនួនប្រជាជនសរុបប្រមាណ១៥លាននាក់ ហើយនឹងត្រូវព្យាករណ៍នឹងមានកំណើន ១១ភាគរយ ប្រហាក់ប្រហែលនឹង២លាននាក់ នៃប្រជាជនសរុបប្រមាណ១៨លាននាក់ នៅឆ្នាំ២០៣០ ។
ការកំណត់គោលដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាព ២០១៨-២០២០ ដែលនឹងត្រូវអនុវត្តតាមគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ គឺផ្តោតលើគោលការណ៍សំខាន់ៗមួយចំនួន គឺកត្តាវិទ្យាសាស្ត្រនៃមនុស្សវ័យចាស់ ជាមូលដ្ឋានសម្រាប់ផ្គត់ផ្គង់ និងបញ្ចូលមនុស្សទៅក្នុងបរិការនៃដំណើរការអភិវឌ្ឍនិងការធ្វើផែនការអភិវឌ្ឍដោយផ្តោតទៅលើវិស័យមនុស្សចាស់ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងពហុវិស័យ ។ គោលនយោបាយនេះមានអាទិភាពការងារ ចំនួន៩ គឺសន្តិសុខហិរញ្ញវត្ថុ សុខភាពនិងសុខុមាលភាព របៀបរបបការរស់នៅ បរិស្ថានអំណោយផល សមាគមមនុស្សចាស់និងវ័យចាស់សកម្ម ទំនាក់ទំនងអន្តរជំនាន់ ការរំលោភបំពាននិងអំពើហិង្សាលើមនុស្សចាស់ ស្ថានភាពមានអាសន្ន និងការត្រៀមខ្លួនមនុស្សវ័យក្មេងសម្រាប់ឈានចូលដល់វ័យចាស់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ គឺជាគោលនយោបាយមួយត្រូវបានកសាងឡើង ដើម្បីគាំពាំដល់មនុស្សចាស់។ តែទោះជាយ៉ាងណា ការកសាងគោលនយោបាយនេះ មិនមែនមានន័យថា រាជរដ្ឋាភិបាលទើបយកចិត្តទុកដាក់លើមនុស្សចាស់នោះទេ ផ្ទុយទៅវិញ គឺរាជរដ្ឋាភិបាលបានយកចិត្តទុក ដាក់លើមនុស្សចាស់តាំងពីក្រោយថ្ងៃរំដោះប្រទេសនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩មកម្ល៉េះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្រើនរំលឹកដល់កូនចៅឲ្យយកចិត្តដាក់ និងថែទាំដល់ឪពុកម្តាយរបស់ខ្លួន នៅពេលពួកគាត់ឈានចូលដល់វ័យចំណាស់។ ក្រៅពីការដាក់ចេញនូវគោលនយោបាយ គាំពារសុខមាលភាពមនុស្សចាស់ហើយនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវមូលនិធិថែទាំងសុខភាព សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តន៍ជន ប្រធានភូមិ ជំនួយការភូមិ និងមូលនិធិជាច្រើនផ្សេងទៀត។ គោលនយោបាយស្តីពីមនុស្សចាស់ គឺជាការយកចិត្តទុកដាក់លើគុណភាពជីវិតរបស់មនុស្សវ័យចាស់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសធ្វើជាប្រធានមូលនិធិមនុស្សចាស់ តាមសំណើរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដើម្បីចូលរួមគាំពារដល់ការរស់នៅ របស់មនុស្សមានវ័យចំណាស់៕ ដោយ៖កូឡាប