ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែ តុលា ឆ្នាំ ២០២៥នេះ នៅបរិវេណ ផ្សារទំនើប អ៊ីអន ម៉ល មានជ័យនៅប្រមាណជាម៉ោង ១ និង ៣១ នាទីរសៀល មានជនបរទេសម្នាក់បានលោត ពីលើអគារជាន់ទី៣ នៃផ្សារទំនើប។ ហេតុការណ៍នេះបានធ្វើអោយមានការភ្ញាក់ផ្អើលទៅដល់ ក្រុមហ៊ុន អ្នកជួលទីតាំង ក្នុងផ្សារទំនើប និង អតិថិជន។
ក្រោយពេលកើតហេតុភ្លាមៗ ក្រុមការងារគ្រប់គ្រងផ្សារទំនើប បានអនុវត្តវិធានការបន្ទាន់ស្របទៅតាម នីតិវិធីប្រតិបត្តិចំពោះឧបទ្ទវហេតុ។ អាជ្ញាធរមូលដ្ឋាន រួមទាំងមន្ត្រីនគរបាល ត្រូវបានទាក់ទងយ៉ាងឆាប់ រហ័ស និងបានមកដល់កន្លែងកើតហេតុ ដើម្បីហ៊ុំព័ទ្ធទីតាំង និងចាប់ផ្តើមការងារស៊ើបអង្កេតដែលចាំបាច់។
វីឌីអូក្នុងកាមេរ៉ាសុវត្ថិភាពរបស់ផ្សារទំនើប អ៊ីអន ម៉ល ព្រមទាំងការបំភ្លឺពីអ្នកឃើញហេតុការណ៍ផ្ទាល់ បានបញ្ជាក់ថា បុគ្គលដែលបានស្លាប់ មានវត្តមាននៅទីតាំងកើតហេតុតែម្នាក់ឯង មុនពេលដែលហេតុការណ៍នោះបាន កើតឡើង ហើយគ្មានភស្តុតាងណាមួយដែលបង្ហាញថាមានការបង្កជម្លោះ ឬ ការជាប់ពាក់ព័ន្ធនឹង បុគ្គលណាមួយផ្សេងទៀតឡើយ។
តាមរយៈសក្ខីកម្មទាំងនេះ មន្ត្រីនគរបាលបានសន្និដ្ឋានជាបឋមថា ឧបទ្ទវហេតុខាងលើនេះ គឺជាករណី “ការធ្វើអត្តឃាតសម្លាប់ខ្លួន”។ យើងខ្ញុំកំពុងតែសហការយ៉ាងសកម្ម ជាមួយនឹងអាជ្ញាធរ នៅក្នុងដំណើរការនៃការស៊ើបអង្កេត៕ រក្សាសិទ្ធដោយ៖សុទ្ធលី


