ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយលោកស្រី ឃ្យុងណាន់ ផាក(Kyungnan Park) តំណាងនិងជានាយិកាប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក(WFP) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍លោកស្រីក្នុងការមកបំពេញការងារនៅកម្ពុជា ហើយបានពិភាក្សាកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់វិស័យស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងការពិនិត្យលទ្ធភាពសហការជាមួយគ្នាក្នុងការបង្កើនគុណភាពអាហារូបត្ថម្ភ សម្រាប់ប្រជាជន និងកុមារកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសភាពងាយស្រួលក្នុងការទទួលអន្តរាគមន៍ ហើយក្នុងនោះ (WFP) អាចពិនិត្យលទ្ធភាពក្នុងការចូលរួមជួយគាំទ្រភាពធន់នឹងអាកាសធាតុរបស់ប្រជាកសិករតាមរយៈគម្រោងធានារ៉ាប់រងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយ។
ជាទីបញ្ចប់ លោកស្រី ឃ្យុងណាន់ ផាក បានបង្ហាញគោលជំហរបន្តគាំទ្រ និងចូលរួមក្នុងការផ្តល់នូវកម្មវិធីអាហារូបត្ថម្ភ ដល់ប្រជាជន និងកុមារកម្ពុជា និងលើកកម្ពស់ក្នុងការកែប្រែឥរិយាបថ ដើម្បីវិស័យស្បៀងអាហារនិងអាហារូបត្ថម្ភក្នុងប្រទេសកម្ពុជា៕រក្សាសិទ្ធដោយ៖សុទ្ធលី









