ភ្នំពេញ៖ បន្ទាប់ពីបានចូលរួមធ្វើ លំហាត់សមយុទ្ធយោធាជាមួយនឹងកងយោធពលខេមរភូមិន្ទ កងទ័ពរំដោះប្រជាជនចិន ចំនួន ២៦៥នាក់ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍វិលត្រឡប់មាតុប្រទេសវិញ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០២នេះ តាមជើងយន្តហោះពិសេស នៃកងទ័ពអាកាសរំដោះប្រជាជនចិន។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។
លំហាត់សមយុទ្ធយោធា នៃប្រទេសទាំងពីរ បានរៀបចំធ្វើឡើងនៅរៀងរាល់១ឆ្នាំម្តង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ នៃការធ្វើលំហាត់រួមគ្នា លើកិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្នរាយ ការប្រឆាំងភារវកម្ម ការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងគ្រប់ប្រភេទទ័ព ស្រមតាមកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ដែលមានឈ្មោះថា៖ (សមយុទ្ធនាគមាស២០២០) លើប្រធានបទ៖ (រួមគ្នាប្រឆាំងភារវកម្ម និងការងារមនុស្សធម៌) បានបញ្ចប់វគ្គហ្វឹកហ្វឺនសមយុទ្ធរបស់ខ្លួន ប្រកបដោយលទ្ធផលជោគជ័យ នៅលើទីលានបាញ់គ្រាប់ពិត តេជោសែន ជុំគិរី នៃសាលាហ្វឹកហ្វឺនបាញ់គ្រាប់ពិត របស់កងពលតូចលេខ៧០ ស្ថិតក្នុងភូមិសាស្ត្រ តំបន់វាលចំបក់ ប្រជុំជួរភ្នំព្រះ ក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
លំហាត់នេះបានបញ្ចប់ទៅប្រកបដោយជោគជ័យ ដោយមានវត្តមាន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម វ៉ាង វិន ធៀន (WANG WEN TIAN) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងធ្វើជាសក្ខីភាព ក្នុងពិធីបិទសមយុទ្ធនាគមាសឆ្នាំ២០២០នេះ។
បើតាមសេចក្តីរាយការណ៍របស់ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះ និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធនាគមាស២០២០ ភាគីកម្ពុជា និងលោកវរសេនីយ៍ឯកពិសេស ចាង ធី រិន (Zhang Ti Ren) ប្រធានក្រុមការងារដឹកនាំសមយុទ្ធនាគមាស ២០២០ ភាគីកងទ័ពរំដោះប្រជាជនចិន បានគូសបញ្ជាក់ថាៈ៖ សមយុទ្ធនាគមាស២០២០ ដែលបើកប្រតិបត្តិការរយៈពេល ១៥ថ្ងៃកន្លងមកនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបជាង ៣ពាន់នាក់ អមដោយអាវុធយុទ្ធភណ្ឌធុនធ្ងន់ រថក្រោះ រថពាសដែក ឧទ្ថម្ភាគចក្រ រួមជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាច្រើនទៀត។ អ្វីជាការកត់សម្គាល់ សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០នេះ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំមុនៗ ក្រោមប្រធានបទ “រួមគ្នាប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌”។
លំហាត់សមយុទ្ធនេះមាស២០២០ គឺជាលំហាត់មួយ ដែលកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធា នៃកិច្ចសហប្រតិបត្តិការមិត្តភាព រវាងប្រទេសទាំងពីរ និងកងកម្លាំងប្រដាប់អាវុធទាំងពីរដោយសារការរៀបចំសមយុទ្ធនេះ ស្របពេលដែលបណ្ដាប្រទេសទាំងអស់ នៅលើសាកលលោកនិយាយជារួម និងនិយាយដោយឡែក ប្រទេសកម្ពុជាចិន បាននិងកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ជាមួយការរីករាលដាល នៃជំងឺផ្លូវដង្ហើម Covid-19 ដ៏ធ្ងន់ធ្ងរ។ ប៉ុន្តែទោះជាមានការលំបាកយ៉ាងណាក៏ដោយ ក៏ប្រទេសយើងទាំងពីរជំនះគ្រប់ឧបសគ្គ បានរួមចិត្តតែមួយ កៀកស្មាគ្នា និងធ្វើជាមួយគ្នាគ្រប់ការលំបាក រៀបចំសមយុទ្ធនេះសម្រេចបានជោគជ័យ តាមផែនការគ្រោងទុក ៕ដោយ៖កូឡាប