ភ្នំពេញ ៖ “ឯកសារសន្តិភាពមួយនេះ នឹងក្លាយទៅជាឯកសារមួយដែលផ្តល់នូវភាពរឹងមាំនៅក្នុងការនាំប្រទេសកម្ពុជា និងថៃ ឆ្ពោះទៅរកការស្តារទំនាក់ទំនងឱ្យវិលទៅរកប្រក្រតីភាពរវាងប្រទេស និងប្រទេស និងប្រជាជន និងប្រជាជនឡើងវិញ។ ហើយក៏ជាដំណើរឆ្ពោះរកកិច្ចសហប្រតិបត្តិការក្នុងការរស់នៅដោយសន្តិវិធី រវាងអ្នកជិតខាងគ្នា ហើយក៏បង្កើតនូវឱកាសកាលានុវត្តភាពនានា ដើម្បីឱ្យប្រទេសយើងទាំងពីររស់នៅដោយសុខសន្តិភាពជាមួយគ្នា និងមានវិបុលភាពជាមួយគ្នា”។ នេះប្រសាសន៍របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា “ឯកសារសន្តិភាព ឬកិច្ចព្រមព្រៀងសន្តិភាព មានចំណុចមួយចំនួនដូចជា៖
-ការប្តេជ្ញាចិត្តរបស់ប្រទេសយើងទាំងពីរ ក្នុងការគោរពបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់
-ការគោរពគ្នាទៅវិញទៅមក ជាពិសេសការគោរពគោលការណ៍នៃអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យរបស់ប្រទេសនីមួយៗ
-ការតាំងចិត្តសម្រាប់ការស្តារទំនុកទុកចិត្តរវាងគ្នាទៅវិញទៅមក (ការស្តារទំនាក់ទំនងការទូតឡើងវិញ ដោយសារកន្លងទៅយើងបានទម្លាក់កម្រិតការទូតមកត្រឹមថ្នាក់លេខាធិការរបស់ស្ថានទូត)
-ការរួមគ្នា និងសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងនោះក៏មានបញ្ហាការឆបោកតាមបច្ចេកវិទ្យា (Online Scam)
-ការបោសសម្អាតមីននៅតាមព្រំដែន (ក្រុមការងារនឹងធ្វើការកំណត់តំបន់ណាត្រូវដោះមុន តំបន់ណាត្រូវដោះក្រោយ)
-ការដកអាវុធធុនធ្ងន់ទាំងឡាយចេញពីព្រំដែន ហើយបញ្ជូនទៅកាន់មូលដ្ឋានទ័ពរៀងៗខ្លួនវិញ
-ភាគីថៃនឹងដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវចាប់ខ្លួនតាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមិនរង់ចាំទៀតទេ
-ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
-ការគោរពនូវគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាជម្លោះផ្សេងៗ
-ការអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណារួមគ្នាក្នុងឋានៈជាប្រទេសជិតខាងអចិន្ត្រៃយ៍ ក្នុងការស្តារទំនាក់ទំនងជាប្រក្រតីភាពឡើងវិញ នាំមកវិញនូវសុខសន្តិភាព វិបុលភាព សម្រាប់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី
