ស្វាយរៀង ៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានបង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២ដុំធំទម្ងន់១,៩៩៨.០៦ក្រាម នៅស្រុកចន្ទ្រា។
តាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ច.ម.រ ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅរាជធានីភ្នំពេញ។
ដោយអនុវត្តតាមបទបញ្ជារដ៍មុឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្រ្ទា បានដឹកនាំកម្លាំងជំនាញដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងសារធាតុញៀននៅចំណុចឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបន្តថា ដោយមានការសង័្សយបានធ្វើការត្រួតពិនិត្យលើរថយន្តតាក់១គ្រឿងមានដឹកអ្នកដំណើរម្នាក់ពីរាជធានីភ្នំពេញគោលដៅមកកាន់ព្រំដែនឃុំសំរោង ស្រុកចន្ទ្រា នៅពេលធ្វើការត្រួតពិនិត្យនិងឆែកឆែរក្នុងកាបូបស្ពាយរបស់អ្នកដំណើរ ក៏រកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២ដុំធំ(ទម្ងន់១,៩៩៨.០៦ក្រាម)ជិត២គីឡូក្រាម។
បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងត្រូវបានកម្លំាងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី


