ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឲ្យដំណើរការ “គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម” ដែលមានទឹកប្រាក់១០០លានដុល្លារ ដែលក្នុងនោះមានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនៃគម្រោងសហហិរញ្ញប្បទាននេះ មានចំនួន៣៣ ។
បើតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសេដ្ឋកិច្ចក៏បានជម្រាបជូនដំណឹងដល់ម្ចាស់សហគ្រាស ធុនតូចនិងមធ្យម ថា ក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា “គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ” ត្រូវបានបង្កើតឡើង និងដាក់ឲ្យដំណើរការជាផ្លូវការចាប់ពីពេលនេះតទៅ។
“គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម” នេះ មានគោលបំណងផ្ដល់ឥណទាន មានការប្រាក់ទាប ដើម្បជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដូចជា ផ្នែកកម្មន្ដសាល និងសិប្បកម្ម សម្រាប់ជំនួសឲ្យការនាំចូលបម្រើសេចក្ដីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលនៅក្នុងផលិតរបស់ក្រុមហ៊ុនធំៗជាដើម។ មូលនិធិក្រោមគម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់១០០លានដុល្លារអាមេរិក ដែលជាការផ្ដល់សហហិរញ្ញប្បទានបដិភាគស្មើគ្នារវាងធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា (ធ.ស.ក) និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម)។
សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់បន្ថែមទៀតថា គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនៃគម្រោងសហហិរញ្ញប្បទាននេះ មានចំនួន៣៣ ក្នុងនោះ មានធនាគារពាណិជ្ជ ចំនួន២៣ ធនាគារឯកទេសចំនួន២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើចំនួន៥ និងគ្រឹះស្ថានហិរញ្ញវត្ថុ មានចំនួន២ផងដែរ។
សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទាន អាចធ្វើការដាក់ពាក្យស្នើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទាននេះបាន នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមណាមួយ ដោយគោរពតាមលក្ខខណ្ឌ របស់គម្រោងសហហិរញ្ញប្បទាន និងលក្ខខណ្ឌផ្ដល់ឥណទាន របស់គ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមនីមួយៗនេះ។ ដើម្បីអាចទទួលបានឥណទាន ក្រោមគម្រោង សហហិរញ្ញប្បទាននេះ សហគ្រាសធុនតូច និងមធ្យម ត្រូវមានលក្ខខណ្ឌ គ្រប់គ្រាន់ស្របតាមលក្ខណៈវិនិច្ឆ័យ។ ហេតុដូចនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យមដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ស្របតាមលក្ខខណ្ឌតម្រូវ ដូចបានជម្រាបជូន អាចដាក់ពាក្យស្នើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រងសហគ្រាសធុនតូច និងមធ្យម ដោយការទំនាក់ទំនងផ្ទាល់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមណាមួយ ដូចមានរាយឈ្មោះក្នុងបញ្ជីភ្ជាប់ជាមួយ៕ដោយ៖កូឡាប