ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៥ខែមេសាឆ្នាំ២០២០ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសចម្រុះចំពោះកិច្ច សិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការ ខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រង និងដោះស្រាយ ផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញ មួយចំនួនក្នុងក្របខ័ណ្ឌ “ទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងថា តួនាទី និងភារកិច្ចរបស់ក្រុមការងារចំពោះកិច្ច ដែលត្រូវបានកំណត់ក្នុងសេចក្តីសម្រេចនេះ ត្រូវមានអានុភាពអនុវត្តរហូតដល់ការប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួនក្នុងក្របខ័ណ្ឌ EBA ត្រវបានបញ្ចប់ជាស្ថាពរ។ ឯកឧត្តម បានថ្លែងថា ការសម្រេចបង្កើត ក្រុមការងារបច្ចេកទេសចម្រុះចំពោះកិច្ច ដើម្បីសិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដែលតទៅនេះហៅកាត់ថា ក្រុមការចម្រុះ។ ក្រុមការងារចម្រុះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំ និងអនុវត្តវិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់ ពីការរីករាលដាលនៃបញ្ហាកូវីដ១៩ និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញ មួយចំនួនក្នុងក្របខ័ណ្ឌ “ទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)៕ដោយ៖កូឡាប