ភ្នំពេញ ៖ កងកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសគ្រឿងញៀន ១៦គ.ក្រ ៤៧៨.៧៧ក្រាម ។ ប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមការដឹកនាំផ្ទាល់ ពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២២និង៣០នាទី នៅចំណុចផ្លូវសាធារណៈ លេខ១៦៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កំលាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដឹកនាំដោយលោកនាយករង សឿង ណុល មានការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង និង មានអធិការរងខណ្ឌទួលគោក ចូលរួមផងដែរ បានបើកកិច្ចប្រតិបត្តិការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប ជាលទ្ធផល គឺគោលដៅទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿង ធាវ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថតាងចាប់យកបាន ម្សៅក្រាមសថ្លាសង្ស័យមេតំហ្វេតាមីន(ICE) ទម្ងន់ប្រហែលកន្លះគីឡូក្រាម រួចបន្តទៅឆែកឆេរគោលដៅទី២ទៀត នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទី នៅចំណុចបន្ទប់ជួលលេខ៣៣c ផ្ទះលេខ២៥z ផ្លូវលេខ២៥១ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អឿង ឌីចាន់ណា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យក ម្សៅសថ្លាសង្ស័យមេតំហ្វេតាមីន (ICE)១៦ដុំ ទម្ងន់ប្រហែល១៦ គីឡូក្រាម។
កងកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា សរុបរួម ក្រោយពីធ្វើតេស្ត និងថ្លឹងរួច ឃើញគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ១៦គីឡូក្រាម ៤៧៨.៧៧ក្រាម ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជតិ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖កូឡាប