ភ្នំពេញ៖ យោងតាមតម្រូវការចាំបាច់របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសអន្តរក្រសួងស្តីពីការកែសម្រួលតម្លៃសេវាសាធារណៈ បានកែសម្រួលតម្លៃសេវាសាធារណៈលើប្រភេទសេវាចំនួន ០៣ នៃកម្រងសេវាសាធារណៈដែលជាឧបសម្ព័ន្ធភ្ជាប់និងប្រកាសរួមលេខ ១២១៧ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែវិច្ឆកា ឆ្នាំ ២០១៧ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម លើការស្នើសុំចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម។
ការកែសម្រួលតម្លៃសេវាសាធារណៈលើប្រភេទសវាចំនួន០៣ នៃការស្នើសុំចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មគឺ១ ក្រុមហ៊ុនពាណិជ្ជកម្ម ដែលមានតម្លៃសេវាចាស់ ១លាន៦សែន៨ពាន់រៀល ត្រូវបានកែសម្រួលថ្មី ក្នុងតម្លៃសេវា ១លាន១ម៉ឺនរៀល។ ២ សហគ្រាសឯកបុគ្គល ឬពាណិជ្ជករ ដែលត្រូវចុះបញ្ជី ដែលមានតម្លៃសេវាចាស់ ចំនួន៣០ម៉ឺនរៀល ត្រូវបានកែសម្រួលតម្លៃសេវាថ្មី ចំនួន១៨ម៉ឺនរៀលវិញ។ ៣ ការពិនិត្យនាមករណ៍ក្រុមហ៊ុន សហគ្រាស ដែលតម្លៃសេវាចាស់មានចំនួន ៤ម៉ឺនរៀល ត្រូវបានកែសម្រួលតម្លៃសេវាថ្មីចំនួន ២ម៉ឺន ៥ពាន់រៀលវិញ។
អង្គភាពពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តន៍ប្រកាសអន្តរក្រសួងនេះ ដោយរាប់ចាប់តាំងពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ តទៅ ៕ ដោយ ៖ សម្ផស្ស