ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជំនួយសប្បុរធម៌ ពីក្រុមហ៊ុនអេរ៉ូទិក រួមមានទឹកសុទ្ធចំនួន ១០០កេស និងម៉ាសចំនួន៤.០០០ម៉ាស ក្រោមជំនួយឧបត្ថម្ភពីលោកជំទាវ វណ្ណ លុយ និងលោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ ជីប យុទ្ធារី នាយកមជ្ឈមណ្ឌលព័ត៌មាន Pen Media Group នារសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។
ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយអំពីវិធានការ និងការធ្វើអនាម័យក្នុងការបង្ការ និងទប់ស្កាត់ នៃការរីករាលដាលមេរោគ COVID-19 ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា លោកជំទាវក៏បានប្រគល់ជូនទាំង ១៤ខណ្ឌ នៃរាជធានីភ្នំពេញ ក្នុងមួយខណ្ឌៗទទួលបាននូវទឹកសុទ្ធចំនួន៧កេស ម៉ាសចំនួន ២៥០ម៉ាស និងថវិកាមួយចំនួន សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងពេលចុះបំពេញការងារ ។
លោកជំទាវក៏បានផ្តាំផ្ញើការសួរសុខទុក្ខ និងថ្លែងអំណរគុណដល់លោក លោកស្រី ជាថ្នាក់ដឹកនាំខណ្ឌទាំងអស់ ដែលតែងតែធ្វើសកម្មភាព តាមបណ្តាខណ្ឌមូលដ្ឋានរៀងៗខ្លួន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់ អំពីសុខមាលភាពរបស់ពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ។
លោកជំទាវក៏បានសំណូមពរឲ្យថ្នាក់ដឹកនាំខណ្ឌទាំងអស់ បន្តធ្វើសកម្មភាពនេះជាប្រចាំ និងសូមឲ្យបងប្អូនជនរួមជាតិ បន្តធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃនិងត្រូវសហការជាមួយមន្ទីរពេទ្យ ប្រសិនបើមានករណីសង្ស័យណាមួយ។
លោកជំទាវក៏បានជូនពរឲ្យបងប្អូនជនរួមជាតិជៀសផុត ពីជំងឺឆ្លងទាំងឡាយ និងបានសប្បាយរីករាយ ជួបជុំជាមួយក្រុមគ្រួសារ និងមានលាភសំណាងល្អៗ គ្រប់ៗគ្នា។ កុំភ្លេចដុសលាងសម្អាតដៃជាប្រចាំ ដើម្បីទប់ស្កាត់បាក់តេរី និងមេរោគឆ្លងផ្សេងៗរួមទាំងមេរោគ COVID-19 ។
លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់លោកជំទាវ វណ្ណ លុយ ដែលជាវិស័យឯកជនបានចូលរួម ចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នេះ ៕ដោយ៖កូឡាប