ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនដៃដល់ដែលបាញ់សម្លាប់ស្ត្រីម្នាក់ ជាអតីតប្រពន្ធ នៅខណ្ឌសែនសុខត្រូវបានចាប់ខ្លួន នឹងត្រូវបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោ២០ និង១០នាទី មានករណីឃាតកម្មមួយកើតឡើង នៅចំណុចមុខមន្ទីរពេទ្យសែនសុខ (IU) ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ប្រើអាវុធខ្លីបាញ់ជនរងគ្រោះបណ្តាលឲ្យស្លាប់១ នាក់ និងរបួស ១នាក់) ។ ដោយមានការសហការរវាងនាយកដ្ឋានព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការតាមឃាត់ខ្លួនជនដៃដល់នៅស្រុកគៀនស្វាយ ខេត្តកណ្តាល នៅវេលាម៉ោង ២៣និង៣០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ។
ករណីនេះកើតឡើងដោយសារគំនុំ និងខឹង ជាមួយនឹងអតីតភរិយា ដែលបានលែងលះគ្នាដាច់ស្រេចហើយ ក៏មានសាលក្រមសម្រេចលើការលែងលះនេះ តាំងពីខែមករា ឆ្នាំ២០២០ មកម្ល៉េះ ។
ជនសង្ស័យឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប្រើកាំភ្លើងខ្លីបាញ់លើជនរងគ្រោះចំនួន២នាក់៖ ១-ឈ្មោះ សូរ ពៅមរកត ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ(ស្លាប់) ។
២-ឈ្មោះ ជា អារីយ៉ា ភេទស្រី អាយុ៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (របួសធ្ងន់) សម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ។
សម្ភារៈដកហូត អាវុធខ្លី១ដើម ម៉ាករ៉ូឡូ ពណ៌ខ្មៅ លេខ១០៥៥៣ គ្រាប់ចំនួន ២គ្រាប់ , សម្បកគ្រាប់ ២គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕ដោយ៖កូឡាប