ភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក សុវណ្ណ រិទ្ធី ចាងហ្វាងTVFB ជាអ្នកសារព័ត៌មានមួយរូបនៅកម្ពុជា កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ នោះមក ឥឡូវនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ក្រសួងព័ត៌មានបានចេញសេចក្ដីប្រកាស លុបចោលការផ្សាយគេហទំព័រ WWW.TvfB.Com.kh គេហទំព័រ WWW.FbtV.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយTVFB ។
ដោយផ្អែកលើម្ចាស់អាជ្ញាប័ណ្ណបានផ្សព្វផ្សាយចរិតញុះញង់ បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។
នេះបើយោងតាមសេចក្ដីប្រកាស របស់ក្រសួងព័ត៌មាន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ជាមួយគ្នានោះ សមត្ថកិច្ចបានបញ្ជូនខ្លួនលោក សុវណ្ណ រិទ្ធី ទៅតុលាការរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ ដោយចោទពីបទ ៖ ញុះញង់ឱ្យមានចលាចលក្នុងសង្គម។
សេចក្ដីរាយការណ៍បង្ហើបថា៖ ការចាប់ខ្លួននេះ គឺបន្ទាប់ពីលោក សុវណ្ណ រិទ្ធី ផ្សាយព័ត៌មានរបៀបឌឺដង ពាក់ព័ន្ធនឹងអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានលើកឡើងក្នុងសន្និសីទ កាលពីព្រឹកម្សិលមិញ ករណីជំងឺកូវីដ១៩ និងអ្នករត់ម៉ូតូឌុប។
ក្រោយចេញផ្សាយបានប្រហែលប៉ុន្មានម៉ោង លោក សុវណ្ណ រិទ្ធី ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់៕ដោយ៖ផាន់ណា