សៀមរាប៖ ថ្មីៗនេះ មានការកត់សម្គាល់ឃើញថា មានគណនី Telegram ក្លែងក្លាយបានលេចឡើង ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។ សកម្មភាពនេះអាចបណ្តាលឱ្យមានការភាន់ច្រឡំ និងអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងទុច្ចរិតផ្សេងៗ ដូចជាការឆបោក ឬការផ្សព្វផ្សាយព័ត៌មានមិនពិត។
កងរាជអាវុធហត្ថខេត្តសៀមរាប សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាប និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគណនី Telegram ក្លែងក្លាយទាំងនេះ ដោយមិនមែនជាគណនីផ្លូវការរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន ឡើយ ហើយរាល់ព័ត៌មាន ឬការទំនាក់ទំនងណាមួយតាមរយៈគណនីទាំងនោះ គឺមិនមានការទទួលខុសត្រូវពីលោកឧត្តមសេនីយ៍ត្រី ឬកងរាជអាវុធហត្ថខេត្តសៀមរាបឡើយ។
ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់នៃការបោកប្រាស់ ឬទទួលព័ត៌មានមិនពិត សូមសាធារណជនទាំងអស់ ពិនិត្យផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿទុកចិត្ត ឬធ្វើការទំនាក់ទំនងណាមួយ។ រាល់ព័ត៌មានផ្លូវការរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន ឬកងរាជអាវុធហត្ថខេត្តសៀមរាប នឹងត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញផ្លូវការ និងគួរឱ្យទុកចិត្តតែប៉ុណ្ណោះ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ ឬសង្ស័យថាមានគណនីក្លែងក្លាយ សូមមេត្តារាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ការប្រុងប្រយ័ត្នរបស់សាធារណជន គឺជាកត្តាសំខាន់ក្នុងការទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។ រក្សាសិទ្ធិដោយ ៖សុទ្ធលី




