Nicholas De-Meyer ប្រឈមមុខនឹងការជាប់ពន្ធនាគារ ១០ឆ្នាំ ព្រោះត្រូវចោទប្រកាន់ថា បានលួចស្រាទំពាំងបាយជូរដែលមានតម្លៃដ៏ថ្លៃ ចំនួនរាប់រយដបរបស់ប្រធានក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិកមួយ។
អយ្យការក្រុងញូវយ៉កថ្ងៃទី១៧ មករា បានធ្វើការចោទប្រកាន់ Nicholas De-Meyer អ្នកជំនួយការឯកជនរបស់លោកDavid Solomon, ប្រធានក្រុមហ៊ុនហិរញ្ញវត្ថុ Goldman Sachs ពីបទដឹកជញ្ជូនទំនិញចោរកម្មឆ្លងតាមបណ្តារដ្ឋ។ ប្រសិនបើត្រូវបានកាត់ទោសនោះDe-Meyer អាចជាប់ពន្ធនាគារ ១០ឆ្នាំ។
ក្នុងរបាយការណ៍របស់អយ្យការ ចាប់តាំងពីឆ្នាំ ២០១៤ ដល់ខែតុលា ឆ្នាំ២០១៦ ឈ្មោះនេះបានឆ្លៀតប្រើប្រាស់ភារកិច្ចជាអ្នកទទួលស្រានៅភូមិគ្រឹះរបស់លោក Solomon នាសង្កាត់Manhattan ហើយយកវាទៅទុកនៅរូងក្រោមដី នៅ East Hampton ញូវយ៉ក។ ដើម្បីលួចយកស្រារាប់រយដបដែលមានតម្លៃសរុបជាង ១,២លានដុល្លារ។
ក្រោយមក De-Meyer បានប្រើប្រាស់ឈ្មោះក្លែងក្លាយដើម្បីលក់ទំនិញទាំងនេះ ឲ្យទៅឈ្មួញស្រា នៅរដ្ឋ Carolina ខាងជើង។ ក្នុងចំណោមស្រាដែលបានលួចទាំងនោះ មានស្រាទំពាំងបាយជូរ ៧ដប ដែលមានតម្លៃយ៉ាងថ្លៃ ហើយកម្រមានបំផុតលើពិភពលោក។
Goldman Sachs បានបញ្ជាក់ថា ទង្វើលួចស្រារបស់ De-Meyer ត្រូវបានរកឃើញនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៦។ De-Meyer ត្រូវបានចាប់ខ្លួននៅថ្ងៃ ១៦មករា កន្លងមក នាព្រលានយន្តហោះអាន់ជឺឡេស ហើយបញ្ជូនមកតុលាការនៅថ្ងៃ១៧មករា៕ អាទិត្យ