ភ្នំពេញ៖ វីដេអូមួយបាននិងកំពុងទទួលការចាប់អារម្មណ៍និងចែករំលែកតៗគ្នាយ៉ាងច្រើន ដោយបង្ហាញឲ្យឃើញបុរសបរទេសម្នាក់អាចជាជនជាតិឥណ្ឌា ត្រូវបានចោទប្រកាន់ប្រើល្បិចបន្លំយកលុយពីអាជីវករវេ/ដកលុយ Wing មួយកន្លែង យកអស់ប្រាក់ចំនួន ១២០០ ដុល្លារ ។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញបុរសបរទេសម្នាក់នោះ បានមកធ្វើជាដូរលុយ ហើយនៅពេលនោះ ជនបរទេសរូបនេះក៏ស្រាប់តែធ្វើឲ្យម្ចាស់វីងវក់វីនឹងលុយដុល្លារ១សន្លឹក ព្រោះតាមមើលទៅហាក់មិនពេញចិត្ត ដោយតម្រូវឲ្យប្តូរយកលុយថ្មីវិញ ។ ទោះយ៉ាងណា ក្នុងស្ថានភាពនោះ ម្ចាស់វីងហាក់ភាំងស្មារតីកាន់តែខ្លាំង ឬ អាចត្រូវថ្នាំសន្លំ ទើបព្រមឲ្យជនជាតិឥណ្ឌានោះលូកដៃចូលតាមប្រលោះចម្រឹងសុវត្ថិភាព ហើយអាចគ្រប់គ្រងទាញយកមករ៉ាប់ដោយខ្លួនឯងយ៉ាងស្រួល។
នេះបើតាមគណនេយ្យហ្វេសបុក Ny Phany បានឲ្យដឹងបែបនេះថា៖ “ថ្ងៃ 19\04\20 ម៉ោង 4:07 ជនជាតិឥណ្ឌាម្នាក់បានមកបន្លំយកលុយនៅផ្ទះខ្ញុំអស់ប្រហែល 1.200,00 ដុល្លារ (វីងលីម៉ា) ទីតាំនៅ ឃុំយកបាត្រ សង្កាត់ក្បាលកោះ ភ្នំពេញ នៅខ្លោងទ្វារវត្តមុន្នី ម្ដុំកៀនស្វាយក្នុង វាមកធ្វើជាដូរលុយ លុយខំរកស៊ីសន្សំទម្រាំបានមួយរយៗមកវាយអស់។ សូមប្រុងប្រយ័ត្នទាំងអស់គ្នាអ្នកមានរបរបើកវីង។ បច្ចុប្បន្នចាប់មិនទាន់បានទេតែពួកខ្ញុំកំពុងដាក់ពាក្យបណ្ដឹង” ។
នេះជាហេតុការណ៍ផ្តល់ជាមេរៀនថ្មីមួយ ដែលអ្នកលេងហ្វេសប៊ុកភាគច្រើនបានផ្តល់ជាមតិណែនាំ និងក៏ដូចពន្យល់តាមការមើលឃើញយ៉ាងដូច្នេះថា៖ “មិនគួរឲ្យភ្ញៀវលូកដៃកាន់លុយទេ នេះជាការធ្វេសប្រហែសដែលអាជីវករ និងបេឡានីមួយៗតែងសាងកំហុសនេះឡើង។ វាមានចេតនាបន្លំកាន់លុយបងម្ចាស់វីង ជាមួយកាបូបវែង ហើយដោយសារដៃចោរហ័សមានជំនាញខាងហូតយកលឿន ខ្ញុំឃើញហើយដៃវាពេលដកទៅវិញកម្រើកក្រោមកាបូបមិនឈប់” ៕ ដោយ៖ លឹម ហុង