ភ្នំពេញ៖ ប្រទេសចិនគាំទ្រនិងជួយកម្ពុជាជានិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយកន្លងមក ប្រទេសចិន បានបញ្ជូននូវគ្រឿងបរិក្ខារ ជាមួយនឹងពេទ្យជំនាញមកជួយកម្ពុជា ហើយចំពោះមុខប្រទេសចិន នឹងបន្តជួយកម្ពុជា បើប្រទេសកម្ពុជាត្រូវការឱ្យប្រទេសចិនជួយ។
នារសៀលថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីប្រគល់-ទទួល សម្ភារបរិក្ខារសម្រាប់បម្រើឱ្យការការពារ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ក្រោមជំនួយរបស់ទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្ដម វ៉ាង វេនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ អំណោយជាសម្ភារបរិក្ខាររួមមាន ម៉ាសN95 ចំនួន៣.០០០ម៉ាស ម៉ាសវេជ្ជសាស្ត្រ ចំនួន២០.០០០ម៉ាស និងសម្លៀកបំពាក់ការពារមេរោគ ចំនួន៥០០ឈុត។
អភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានថ្លែងនូវអំណរគុណ ចំពោះប្រទេសចិន ដែលតែងតែជួយកម្ពុជា ក្នុងកាលៈទេសៈនេះ បើទោះបីថា នៅក្នុងប្រទេសចិន បាននិងកំពុងប្រឈមនឹងបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក៏ដោយប៉ុន្តែ ចិននៅតែបន្តជួយមកកម្ពុជា ដោយបានបញ្ជូននូវគ្រឿងបរិក្ខារ ដើម្បីការពារទប់ស្កាត់នូវជំងឺនេះ មកឲ្យកម្ពុជា។ នេះគឺជាមិត្តដ៏ល្អបំផុត ដែលជួយគ្នាក្នុងគ្រាក្រ។
ឯកឧត្តម បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩នេះ ដោយត្រូវការពារខ្លួនឱ្យបានល្អប្រសើរ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល កុំភ័យខ្លាំងពេក និងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឲ្យបានជាប់ជាប្រចាំពិសេស លាងដៃ ពាក់ម៉ាសការពារ លាងជែល ឲ្យបានការជួបជុំប្រមូលផ្តុំគ្នាជាដើម ។
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិននឹងចូលរួមជាមួយកម្ពុជា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ។ ប្រទេសចិនគាំទ្រ និងជួយកម្ពុជាជានិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ឯកឧត្តម បន្តថា កន្លងមកយើងបានបញ្ជូននូវគ្រឿងបរិក្ខារ ជាមួយនឹងពេទ្យជំនាញមកជួយកម្ពុជា ហើយចំពោះមុខប្រទេសចិន នឹងបន្តជួយកម្ពុជា បើប្រទេសកម្ពុជាត្រូវការឱ្យប្រទេសចិនជួយនោះ៕ដោយ៖កូឡាប