ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានសរសេរលើហ្វេសប៊ុក នីថ្ងៃទី២៨មេសាថា ទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយការញ៉ាំអាហារដែលមានជាតិខ្លាញ់ ជាតិប្រៃ និងជាតិស្ករច្រើនលើសកម្រិត ការរស់នៅស្រួលពេកអត់បានបញ្ចេញកម្លាំងពលកម្មឬអត់បានហាត់ប្រាណ ម្យ៉ាងជំងឺនេះក៏កើតឡើងពីកត្តាតំណពូជផងដែរ។
លោកថា ជំងឺទឹកនោមផ្អែមមាន៣ប្រភេទគឺ ប្រភេទទី១៖ កើតឡើងតាំងពីកំណើតមកម្ល៉េះ ឬអាចនិយាយបានថា គឺជាប្រភេទជំងឺតំណពូជ ហើយភាគច្រើនវាកើតចំពោះកុមារ និងមនុស្សវ័យជំទង់។ ទឹកនោមផ្អែមប្រភេទទី១ បើកើតមានលើនរណាហើយ គឺត្រូវព្យាបាលនិងតាមដានពេញមួយជីវិត។ យើងអាចព្យាបាលជំងឺនេះតាមរយៈការចាក់អាំងស៊ូលីន ការគ្រប់គ្រងរបបអាហារ ការធ្វើលំហាត់ប្រាណជាប្រចាំ និងការតាមដានកម្រិតជាតិស្ករមុននិងក្រោយពេលញ៉ាំអាហារជាប្រចាំ។ អ្នកកើតជំងឺនេះនឹងមានផលវិបាកដូចជា ខូចតម្រងនោម ខូចភ្នែក ខូចប្រព័ន្ធប្រសាទបញ្ជា និងធ្វើឱ្យស្ទះសរសៃឈាមបេះដូង ដាច់សរសៃឈាមខួរក្បាល និងដំបៅជើងជាដើម។
ប្រភេទទី២៖ វាកើតឡើងដោយសារបែបបទនៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ពោលគឺការអត់សូវហាត់ប្រាណ ញ៉ាំអាហារដែលគ្មានជាតិសរសៃហ្វៃប៊័រ ញ៉ាំអាហារសម្បូរជាតិខ្លាញ់ ជាតិស្ករ ជាតិអំបិល អាហារវេចខ្ចប់ អាហារកំប៉ុង នំផ្អែម ភេសជ្ជៈផ្អែម និងអាហារកែច្នៃមួយចំនួនទៀត។ នៅពេលយើងមិនសូវហាត់ប្រាណ ញ៉ាំអាហារមានជាតិខ្លាញ់ ជាតិអំបិល និងជាតិស្ករច្រើនជាដើមនោះ គឺនឹងធ្វើឱ្យស្ទះរន្ធខ្យល់ និងស្ទះសរសៃឈាម។ ប្រសិនបើស្ទះរន្ធខ្យល់ និងសរសៃឈាម ពេលនោះអាំងស៊ូលីន (Insulin) នឹងមិនអាចបញ្ជូនជាតិស្ករទៅក្នុងកោសិកា បេះដូង សាច់ដុំ និងខួរក្បាលបានទេ ដូច្នេះនឹងធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង។ នៅពេលជាតិស្ករក្នុងឈាមកើនឡើង ខណៈអាំងស៊ូលីន (Insulin) មិនបានបញ្ជូលជាតិស្ករទៅចិញ្ចឹមកោសិកា បេះដូង សាច់ដុំ… វាក៏ហៀរចូលក្នុងខួរក្បាល ដែលធ្វើឱ្យយើងស្ពឹកសរសៃ ដំបៅជើង ក្ដៅខ្លួន ងងឹតភ្នែក ខូចថ្លើម ក្រពេះ ក្រលៀន បេះដូង ស្លាប់មួយចំហៀងខ្លួន និងនាំឱ្យអ្នកជំងឺកើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។ ជំងឺទឹកនោមផ្អែមប្រភេទទី២នេះ ភាគច្រើនលេចរោគសញ្ញាឡើងនៅពេលអ្នកជំងឺមានអាយុចាប់ពី៤៥ឆ្នាំឡើង។ ប្រសិនបើកើតហើយ គឺត្រូវការព្យាបាលនិងតាមដានពេញមួយជីវិត ដូចទឹកនោមផ្អែមប្រភេទទី១ដែរ។ ជាងនេះទៅទៀត យើងត្រូវការចំណាយថវិកាច្រើនខ្លាំងណាស់សម្រាប់ទិញថ្នាំលេប ហើយនៅតែមិនអាចជាសះស្បើយទៀតផង។
លោកវេជ្ជបណ្ឌិត បានបន្តថា ដើម្បីបង្ការកុំឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២នេះ យើងត្រូវធ្វើលំហាត់ប្រាណឱ្យបានញឹកញាប់ ពិសាអាហារដែលមិនប្រៃពេក មិនផ្អែមពេក និងមិនសម្បូរជាតិខ្លាញ់ពេក។ ប៉ុន្តែវាហាក់ពិបាកធ្វើអ៊ីចឹងបានដែរ ព្រោះប្រជាពលរដ្ឋខ្មែរយើងភាគច្រើននិយមញ៉ាំអាហារផ្អែម ប្រៃ និងខ្លាញ់។ កាលខ្ញុំមកស្រុកខ្មែរដំបូងក្នុងឆ្នាំ២០០២ ពេលខ្ញុំញ៉ាំគុយទាវ ញ៉ាំបាយតាមហាង ខ្ញុំស្មានតែជាបង្អែម ព្រោះវាផ្អែមជ្រុលពេក។ ម្ហូបអាហារផ្អែមម្ល៉ឹងៗហើយ ស្រាប់តែគាត់ម្នាក់អង្គុយក្បែរខ្ញុំ ថែមស្ករពីរស្លាបព្រាទៀតក្នុងសម្លគាត់ ហើយគាត់សុំទឹកខ្លាញ់ដែលគេចៀនសាច់ យកមកស្រោចពីលើបាយគាត់ទៀត។ ខ្ញុំគិតក្នុងចិត្តថា អីក៏មានរូបមន្តល្អម្ល៉េះ? នេះជារូបមន្តធ្វើឱ្យឆាប់ស្លាប់ដោយសារជំងឺទឹកនោមផ្អែមទេតើហ្នឹង! ថ្ងៃមុននោះ ខ្ញុំមើលព័ត៌មានតាមទូរទស្សន៍ឃើញក្មេងម្នាក់អាយុតែ១០ឆ្នាំប៉ុណ្ណោះ គាត់មានទម្ងន់រហូតដល់៩៩គីឡូក្រាម។ គាត់លើសជាតិស្ករក្នុងខ្លួនរហូតដល់ខ្វាក់ភ្នែក។ ម្ង៉ៃៗគាត់មើលតែកុន លេងតែហ្គេម លេងតែកុំព្យូទ័រ ហើយចូលចិត្តញ៉ាំមាន់។ ក្នុងមួយឆ្នាំក្មេងម្នាក់ហ្នឹងញ៉ាំមាន់អស់រាប់ពាន់ក្បាល។ គាត់ញ៉ាំច្រើនពេក បូករួមគាត់អត់ដែលហាត់ប្រាណ អត់ដែលបញ្ចេញកម្លាំងពលកម្ម អត់សូវពិសាទឹក ម្លោះហើយធ្វើឱ្យគាត់ឡើងជាតិស្កររហូតដល់ខ្វាក់ភ្នែក។ អ៊ីចឹងយើងត្រូវរឹតត្បឹតរឿងញ៉ាំចុកនិងការរស់នៅប្រចាំថ្ងៃឱ្យមែនទែន បើមិនចង់ស្លាប់ដោយសារជំងឺទឹកនោមផ្អែមនេះទេ។
ប្រភេទទី៣៖ ជំងឺទឹកនោមផ្អែមប្រភេទទី៣ វាកើតឡើងកំលុងពេលស្ត្រីពពោះ ហើយវានឹងបាត់ទៅវិញក្រោយពេលសម្រាលកូនរួច។ ក៏ប៉ុន្តែទៅថ្ងៃក្រោយស្ត្រីដែលធ្លាប់កើតជំងឺទឹកនោមផ្អែមប្រភេទទី៣នេះ នឹងប្រឈមការកើតជំងឺទឹកនោមផ្អែមប្រភេទទី២ខ្ពស់បំផុត។ ម្យ៉ាងវាបង្កបញ្ហាប៉ះទង្គិចដល់សុខភាពទារកក្នុងផ្ទៃធ្ងន់ធ្ងរណាស់ដែរ ជួនកាលអាចបាត់បង់ជីវិតទារកទៀតក៏មាន។ មិនតែប៉ុណ្ណោះ សូម្បីស្ត្រីជាម្ដាយក៏ប្រឈមនឹងគ្រោះថ្នាក់សម្បើមណាស់ដែរនៅពេលសម្រាលកូនដោយការវះកាត់។ មួយទៀតនោះ ប្រសិនបើស្ត្រីធ្លាប់កើតជំងឺទឹកនោមផ្អែមកំលុងពេលគាត់ពពោះម្ដងហើយ នៅកំលុងពេលពពោះលើកក្រោយៗទៀត គាត់ងាយនឹងប្រឈមជំងឺនេះទៀតខ្លាំងណាស់។
សូមជម្រាបថា អ្នកជំងឺទឹកនោមផ្អែមតែងមានរោគសញ្ញាដូចជា៖
– នោមញឹក
– ស្រេកទឹកខ្លាំង
– ឃ្លានខ្លាំង
– ឡើងទម្ងន់
– ស្រកទម្ងន់ខុសពីធម្មតា
– ទឹកនោមមានក្លិនផ្អែម
– គ្មានកម្លាំង ឆាប់ហត់
– ដំបៅក្នុងមាត់ញឹកញាប់ និងមានដំបៅមិនងាយជា
– ហឹងត្រចៀក ព្រិលឬស្រវាំងភ្នែក
– ស្ពឹកជើង
បើតាមប្រសាសន៍ឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី ៖ ខ្ញុំសូមបញ្ជាក់ថា ដើម្បីដឹងថាខ្លួនមានកើតជំងឺទឹកនោមផ្អែមឬអត់ សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបទៅធ្វើតេស្ដរកជំងឺទឹកនោមផ្អែមឱ្យបាន១ដងក្នុងរយៈពេល៦ខែ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ បើទោះបីជាគ្មានរោគសញ្ញាដូចដែលខ្ញុំបានរៀបរាប់ជូនខាងលើក៏ដោយ ព្រោះវ័យនេះប្រឈមនឹងកើតជំងឺទឹកនោមផ្អែមខ្ពស់ខ្លាំងណាស់។ ប្រសិនបើយើងមិនទៅធ្វើតេស្តរកជំងឺទឹកនោមផ្អែមទេ ដោយបណ្ដោយទុកឱ្យជំងឺនេះវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរឬដំណាក់កាលចុងក្រោយ នោះពិបាកព្យាបាលខ្លាំងណាស់។
ខ្ញុំសូមរំលឹកម្ដងទៀតថា ដើម្បីបង្ការជំងឺទឹកនោមផ្អែមយើងត្រូវឧស្សាហ៍ហាត់ប្រាណឱ្យបានញឹកញាប់ ពិសាទឹកឱ្យបានច្រើន ធ្វើសកម្មភាពឱ្យបានច្រើន កុំពិសាអាហារដែលមានជាតិប្រៃ ផ្អែម និងមានខ្លាញ់ច្រើន។ ពិសេសយើងគួរពិសាបន្លែ ផ្លែឈើស្រស់ៗឱ្យបានច្រើនផងដែរ។ ម្យ៉ាងបើសិនជាអាច យើងគួរតែពិសាបាយអង្ករសម្រូប ព្រោះវាមានជាតិសរសៃហ្វៃប៊័រ ដែលជួយដល់សុខភាពយើងបានច្រើនមែនទែន៕
ដោយ៖កូឡាប