ភ្នំពេញ៖ ក្នុងជំនួបរវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងឯកឧត្តម ប៉ាប្លូ ខាង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅបានវាយតម្លៃខ្ពស់ចំពោះក្រសួងរ៉ែនិងថាមពល ដែលតែងតែផ្តល់កិច្ចសហការនិងការគាំទ្រដល់ក្រុមហ៊ុនអូស្ត្រាលី ដែលមានឈ្មោះថា Renaissance Minerals កំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនមួយនេះ គ្រោងនឹងចាប់ផ្តើមដំណើរការអាជីវកម្មផលិតមាស ជាលើកដំបូងរបស់ខ្លួននៅតំបន់អូរក្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ប្រទេសកម្ពុជា នៅដើមឆ្នាំ២០២១ នាពេលឆាប់ៗខាងមុខនេះ។
រហូតមកដល់ពេលនេះ ក្រុមហ៊ុននេះកំពុងតែដំណើរការសាងសង់ នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមមាន ដូចជា ក្រុមហ៊ុនកំពុងសាងសង់ផ្លូវ ដែលត្រូវតភ្ជាប់ពីផ្លូវជាតិចូលទៅកាន់រោងចក្រ, ក្រុមហ៊ុនកំពុងតភ្ជាប់បណ្តាញអគ្គិសនី ពីប្រព័ន្ធមេរបស់រដ្ឋ ពីព្រោះថា រោងចក្រផលិតនិងកែច្នៃមាសនេះ គឺជារោងចក្រធំ ដូច្នេះវាមិនអាចប្រើប្រាស់តែម៉ាស៊ីនភ្លើងមួយមុខ អាចអូសរួចនោះទេ អញ្ជឹងហើយត្រូវតភ្ជាប់អគ្គិសនីមេពីបណ្តាញជាតិ, កំពុងកុម្ម៉ង់ទិញឧបករណ៍ម៉ាស៊ីនធំៗ និងទំនើបៗ ដើម្បីនាំចូលមកប្រទេសកម្ពុជា នៅចន្លោះដើមខែតុលា ឆ្នាំ២០២០នេះ។
ក្រុមហ៊ុន Emerald Resources ដែលចុះបញ្ជីនៅអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ២៣០ លានដុល្លារ ជាមួយក្រុមហ៊ុនរ៉ែ Mining and Civil Australia (Maca) សម្រាប់គម្រោងរុករករ៉ែមាស អូរខ្វាវរបស់ខ្លួននៅកម្ពុជា។
ក្រុមហ៊ុន Emerald Resources ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនរ៉ែ Renaissance Minerals (Cambodia) រំពឹងថា នឹងទាញយកមាសពីគម្រោងមាសអូរខ្វាវ នៅត្រីមាសទី២ ឆ្នាំ២០២១។ ក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខាលើ កិច្ចសន្យារយៈពេល ៧ឆ្នាំ ដែលរួមមានការផ្គត់ផ្គង់ឧបករណ៍ធ្វើរ៉ែ និងសេវាកម្មរ៉ែ សម្រាប់គម្រោងរ៉ែមាសនៅកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះ បានចេញផ្សាយការសិក្សាលទ្ធភាពច្បាស់លាស់របស់ខ្លួន កាលពីខែឧសភា ឆ្នាំ២០១៧ ហើយបានបង្ហាញថា គម្រោងនេះអាចផលិតមាសបាន ១០៦.០០០អោន (១អោន ស្មើជាង ៨ជីមាស) ក្នុងមួយឆ្នាំជាមធ្យម។ បើតាមការប៉ាន់ស្មាន គម្រោងរ៉ែមាសនេះ នឹងចាប់ផ្តើមដំណើរការក្នុងរយៈពេល ៧ ឆ្នាំ ដោយការវិនិយោគមូលធនមានចំនួន ៩៨លានដុល្លារអូស្ត្រាលី គឺស្មើនឹងជាង ៦០លានដុល្លារ៕ដោយ៖សម្ផស្ស