ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ ច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ។ ច្បាប់នេះ ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ។
ព្រះរាជក្រម នស/រកម/០៤២០/០១៨ ប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន (០១៨០៤២០)ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២០ សម័យប្រជុំជាវិសាមញ្ញនីតិកាលទី៤ ព្រមទាំងក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញក្នុងសេចក្តីសម្រេចលេខ ២០២/០០២/២០២០ កបធ.ច ចុះថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖
ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានចំនួន៥ជំពូក និងចែកចេញ១២មាត្រា។ មាត្រា៤ ជំពូកទី៣ បានកំណត់ថា នៅពេលប្រទេសជាតិ ត្រូវបានប្រកាសដាក់ស្ថិតនៅក្នុងភាពអាសន្ន រាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានដូចខាងក្រោម៖
១៖ ហាមឃាត់ ឬ កម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។
២៖ ហាមឃាត់ ឬ កម្រិតសិទ្ធិសេរីភាពក្នុងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។
៣៖ ហាមឃាត់ ឬ កម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរ។
៤៖ ហាមឃាត់ ឬ កម្រិតមិនឱ្យបុគ្គលចេញពីលំនៅឋាន ឬ ទីសំណាក់ណាមួយ។
៥៖ ដាក់ចេញវិធានការចត្តាឡីស័ក ឬ ការដាក់ឱ្យនៅដោយឡែកក្នុងករណីគ្រោះអាសន្នបន្ទាន់ ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ។
៦៖ ដាក់ចេញវិធានការទាក់ទងនឹងកំណែន និងជម្លៀសពលរដ្ឋ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
៧៖ ដាក់ចេញវិធានការទាក់ទងនឹងកំណែន ដកហូត គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ និងសេវា ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ នីតិវិធីនៃការធ្វើកំណែន និងសំណងត្រូវកំណត់ដោយរាជរដ្ឋាភិបាល។
៨៖ ដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
៩៖ ដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
១០៖ ដាក់ចេញនូវវិធានការឃ្លាំមើល និងតាមដានគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ក្នុងគោលបំណងឆ្លើយតបចំពោះភាពអាសន្ន។
១១៖ ហាមឃាត់ ឬ ការកម្រិតការចែកចាយ ឬ ការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានការភ័យខ្លាចដល់សាធារណជន ឬ ចលាចល ឬ ដែលនាំឱ្យខូចខាតដល់សន្តិសុខជាតិ ឬ ធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាពនៃភាពអាសន្ន។
១២៖ ដាក់ចេញវិធានការដទៃទៀតដែលសមស្រប និងចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
ក្នុងមាត្រានេះ បានចែងទៀតថា វិធានការអនុវត្តពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចត្រូវបានដាក់ចេញសម្រាប់ទូទាំងប្រទេស ឬ ដែនដីកំណត់ជាក់លាក់ណាមួយ។ ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាលអាចបង្កើតយន្តការ ឬប្រគល់សិទ្ធិអំណាចទៅអាជ្ញាធរមានសមត្ថកិច្ចណាមួយ ឬប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីធានាដល់ការអនុវត្តវិធានការខាងលើ។
ក្នុងពេលសង្គ្រាម ឬ ក្នុងកាលៈទេសដទៃទៀតដែលសន្តិសុខជាតិប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នអាចធ្វើឡើងតាមរបបអាជ្ញាសឹក។
នៅក្នុងមាត្រា៧ ក្នុងជំពូកទី៤ និយាយពីទោសប្បញ្ញត្តិ បានចែងថា អំពើដោយចេតនារារាំង ឬ បង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ដល់ ៥លានរៀល។ ចំពោះអំពើរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើអំពើនេះ នាំឱ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ។
ក្នុងមាត្រា៨ នៃជំពូកដដែល បានចែងថា អំពើដោយចេតនាមិនគោរពវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលដែលមានចែងក្នុងមាត្រា៥ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺនរៀល ដល់ ១លានរៀល។ ដោយឡែកអំពើមិនគោរពតាមវិធានការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល កាលបើអំពើនេះនាំឱ្យមានចលាចលជាសាធារណៈ។
ដោយឡែកនីតិបុគ្គលដែលមានចេតនារារាំង ឬ បង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ដោយត្រូវផន្ទាទោសពិន័យជាប្រាក់ពី ១០០លានរៀល ដល់ ១,០០០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬ ច្រើនដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។
រីឯនីតិបុគ្គលដែលប្រព្រឹត្តអំពើដោយចេតនាមិនគោរពវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលដែលមានចែងក្នុងមាត្រា៥ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌដោយត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០លានរៀល ដល់ ៥០០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ណ។
ច្បាប់នេះ ក៏បាននិយាយពីការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច ពេលប្រទេសត្រូវដាក់ក្នុងភាពមានអាសន្នផងដែរ។ មាត្រា១០ ក្នុងជំពូក៤ បាននិយាយថា មន្ត្រីមានសមត្ថកិច្ចដែលប្រើប្រាស់សិទ្ធិអំណាចតាមទំនើងចិត្តដោយរំលោភបំពាំនខុសពីគោលបំណងនៃច្បាប់ ហើយបង្កការប៉ះពាល់ដល់រូបរាងកាយ ឬការខូចខាតដល់ទ្រព្យសម្បត្តិរបស់បុគ្គលដទៃត្រូវទទួលខុសត្រូវចំពោះអំពើ ដែលខ្លួនបានប្រព្រឹត្តស្របតាមច្បាប់របស់កម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កាលពីខែមេសា ឆ្នាំ២០២០កន្លងទៅនេះ បានចាប់ផ្តើមរៀបចំ និងតាក់តែងឡើងនូវច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ចំពេលប្រទេសកម្ពុជារងការរាតត្បាតនៃជំងឺកូវីដ១៩។ ច្បាប់នេះត្រូវបានរៀបចំឡើងក្នុងល្បឿនមួយយ៉ាងលឿន ហើយត្រូវបានរដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញអនុម័តជាបន្តបន្ទាប់៕
ដោយ៖បញ្ញាស័ក្តិ