Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្ត​ធ្វើ​ស៊ី​មិត្ត ហៅ​មក​ជក់​ថ្នាំញៀន រួច​វាយ​សម្លាប់ ប្លន់​យក​ម៉ូតូ យក​ម៉ូតូ​ទៅ​លក់​ប៉ុន្តែ​គ្មាន​អ្នកទិញ ព្រោះ​គ្មាន​កាត​គ្រី​

ខេត្ត​ព្រះសីហនុ ៖ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បំបែកសំណុំរឿង ករណី​ឃាតកម្ម​ប្លន់​សម្លាប់​ដោយ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​។ បន្ទាប់ពី​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាពថា ពិតជា​បាន វាយ​សម្លាប់ ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ ដោយ​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ឲ្យ​មក​ជក់​ថ្នាំញៀន​ជាមួយ ពេល​ជក់​រួច បម្រុង​ត្រឡប់ទៅផ្ទះ​វិញ ហើយ​បាន​យក​ដុំថ្ម​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់ និង​បាន​យក​ម៉ូតូ​ទៅ​លក់​ប៉ុន្តែ​គ្មាន​អ្នកទិញ​ព្រោះ​គ្មាន​កាត​គ្រី​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣ និង ០០​នាទី ស្ថិតនៅ​ព្រៃ​ជើងភ្នំ​ថ្មដា ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ករណី​ប្រទះឃើញ​សាកសព​មួយ​កើតឡើង ក្រោយពី​ទទួល​ពត៍​មាន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ អាវុធ​ស្រុក ប៉ុស្តិ៍នគរបាល​ពាក់ព័ន្ធ បាន​ចុះទៅពិនិត្យ​សាកសព​និង​កន្លែងកើតហេតុ​ឃើញថា​ស្ថានភាព​សព ដេក​ផ្ងា ស្នាមរបួស​ក្បាល​ផ្នែក​ខាងក្រោយ និង​ផ្នែក​ខាងមុខ ស្លៀកខោ​គគីរ​ពណ៌​ស អត់​មាន​ពាក់អាវ​ទេ ។

​តាម​ការបំភ្លឺ​របស់​ម្តាយ​សព​ឈ្មោះ ចាន់ ដា អាយុ ៤៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កូន​របស់គាត់​ឈ្មោះ ផាត ភារៈ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅវេលា​ម៉ោង ២១ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ​២០២០ បាន​សុំ​គាត់​ចេញពីផ្ទះ​ជិះ​ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម ផលិត​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​ព្រះសីហនុ 1H 9772 ពណ៍​ខ្មៅ ទៅ​ទិស​ខាងត្បូង​មួយ​ភ្លែត មុនពេល​សុំ​គាត់​ចាក​ចេញពីផ្ទះ​នោះ គឺមាន​គេ​តេ​ទូរស័ព្ទ​ហៅ​កូន​គាត់ កូន​របស់គាត់​ប្រើ​ទូរស័ព្ទ​លេខ 070 702 815​។​
​សម្ភារ​បាត់បង់​មាន ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ​1H 9772 ចំនួន ០១​គ្រឿង​។​

​តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​ករណី​ខាងលើ គឺជា​ករណី​ឃាតកម្ម​(​ប្លន់​សម្លាប់​) ។ ហើយ​សាកសព​ខាងលើ​កម្លាំង​ជំនាញ បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​រួច​បានប្រគល់​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

​ករណីនេះ​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់​បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូតមក​ថ្ងៃទី​៣០ មេសា ២០២០ វេលា​ម៉ោង​១៤​និង​១៥​នាទី ទើប​យើង​កំណត់​មុខសញ្ញា​បាន​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចាន់ លី​ឈាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ​កម្មករ​ជ្រៀក​ឈើ មាន​ទីលំនៅ​ភូមិ​ជើងគោ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ដកហូត​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​០១៩​ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ ព្រះសីហនុ​១H.៩៩៧២ ជា​របស់​ជនរងគ្រោះ ។

​តាម​ការឆ្លើយ​សារភាព​របស់​ជនសង្ស័យ បាន​រៀបរាប់ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ប្រាកដ​មែន ដោយ​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ឲ្យ​មក​ជក់​ថ្នាំញៀន​ជាមួយ ពេល​ជក់​រួច​បម្រុង​ត្រឡប់ទៅផ្ទះ​វិញ​ខ្លួន​បាន​យក​ដុំថ្ម​វាយ​ទៅលើ​ជនរងគ្រោះ​ចំនួន​០៣​ដុំថ្ម​បណ្តាលអោយ​ជនរងគ្រោះ​ដួល​ទៅ​ថ្ម ហើយ​ខ្លួន​ក៏​ជិះ​ម៉ូតូ​ជនរងគ្រោះ​សំដៅទៅ​ក្រុងព្រះសីហនុ ដើម្បី​លក់​ប៉ុន្តែ​គ្មាន​អ្នក​ហ៊ាន​ទិញ ព្រោះ​គ្មាន​ប័ណ្ណ​សម្គាល់​(​កាត​គ្រី​) ទើប​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ ។ លុះដល់​វេលា​ម៉ោង​ខាងលើ​ទើបត្រូវ​នគរបាល​ឃាត់ខ្លួន​តែម្តង។​

បច្ចុប្បន្ន​យើង​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី ៕​

ដោយ​៖​កូ​ឡាប​

×