កំពង់ឆ្នាំង ៖ ក្រុមអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារសាលាលេខ៥ និង ប្រជា ពលរដ្ឋដែលរស់នៅជុំវិញផ្សារមួយនេះបានសំដែងនូវការមិនសម្បាយចិត្តនិងបានសំណូមពរដល់មន្ត្រីអាជ្ញាធរព្រមទាំងមន្ត្រីនៃអង្គភាពពាក់ព័ន្ធមេត្តាជួយពិនិត្យមើលនិងមានវិធានការចំពោះគំនរសម្រាមដែលគេគរទុកចោលយូរថ្ងៃស្អុយរលួយជះក្លិនមិនល្អប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ នៅក្នុងផ្សារមួយនេះផង។
ផ្សារសាលាលេខ៥ជាផ្សារដ៏ធំបង្គួរមួយមានទីតាំងស្ថិតជាប់នឹងផ្លូវជាតិលេខ៥ ក្នុងឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្រុមអាជីករ និង ប្រជាពលរដ្ឋនៅទីនោះបាននិយាយអោយដឹងថា សព្វថ្ងៃនេះថៅកែផ្សារបានដើរប្រមូលលុយភាស៊ីរាល់ថ្ងៃខ្វះតែមួយរៀលមិនបានផង ហើយយកលើសសៀវភៅបន្ទុកទៅទៀត ប៉ុន្តែបញ្ហាសម្រាមវិញពួកគេមិនដែលខ្វល់ឡើយ ។ គំនរសម្រាមត្រូវបានគេគរទុកចោលយូរថ្ងៃគរដូចភ្នំ ត្រូវទឹកត្រូវថ្ងៃរលួយស្អុយជះក្លិនមិនល្អបង្ករការប៉ះពាល់ដល់ការរស់នៅនិងសុខភាពរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។
ប្រភពបានអោយដឹងទៀតថា មួយអាទិត្យទៅ២អាទិត្យ ទើបឃើញគេមកដឹកយកចេញម្តង ប៉ុន្តែមិនដែលដឹកចេញអស់ឡើយ គឺយកចេញតែខាងលើខ្លះៗតែប៉ុណ្ណោះ។នៅជុំ វិញផ្សារមានផ្លូវបេតុងស្អាត ប៉ុន្តែត្រូវបានគេយកសម្រាមទៅគរលើផ្លូវបេតុងនោះ រកផ្លូវដើរមិនឃើញទៀតផង។ រីឯបន្ទប់ទឹកសារធារណៈសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក៏ត្រូវថៅ ផ្សារនេះបិទមិនអោយប្រើដែរ ។
ក្រុមអាជីវករ និង ប្រជាពលរដ្ឋនៅទីនោះ បានសំណូមពរអោយលោក វណ្ណ លៀងហាក់ ដែលជាថៅផ្សារនេះត្រូវប្រមូលសម្រាមចេញរាល់ថ្ងៃអោយអស់ពីផ្សារ មិនត្រូវគរទុកចោលដូចភ្នំ ដូច្នេះឡើយនិងត្រូវបើកបន្ទប់ទឹកសាធារណៈអោយក្រុមអាជីវករនិងប្រជាពលរដ្ឋប្រើប្រាស់ជាធម្មតាឡើងវិញ ។ ហើយក៏បានសំណូមពរផងដែរដល់មន្ត្រីអាជ្ញាធរនិងមន្ត្រីនៃអង្គភាពពាក់ព័ន្ធ មេត្តាជួយពិនិត្យមើលនិងមានវិធានការចំពោះបញ្ហានេះផង ។
លោកវណ្ណ លៀងហាក់ថៅកែផ្សារសាលាលេខ៥ ដែលកំពុងទទួលរងនូវការរិះគន់ ពាក់ព័ន្ធនឹងបញ្ហាសម្រាមនិងអនាម័យនេះ មិនអាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេនៅថ្ងៃនេះ ។ ប៉ុន្តែមន្ត្រីសាលាស្រុកកំពង់ត្រឡាចម្នាក់បានបញ្ជាក់ថា អាជ្ញាធរស្រុកធ្លាប់បានហៅអ្នកម៉ៅការភាស៊ីផ្សារនេះគឺលោក វណ្ណ លៀងហាក់ មកប្រាប់៣-៤ដងហើយពីបញ្ហាសម្រាម តែគេហាក់មិនអើពើឡើយ ៕ដោយ៖ចៅ សន