Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ចុះបញ្ជី​លក់​សញ្ញាប័ណ្ណ​សាជីវកម្ម ជា​ផ្លូវការ​

spot_img

​ភ្នំពេញ​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ កាលពី​ម្សិលមិញ បាន​ចុះបញ្ជី​លក់​សញ្ញាប័ណ្ណ​សាជីវកម្ម ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ជា​ផ្លូវការ ដែលជា​គ្រឹះស្ថាន មាន​ដើមទុន​ធំ​បំផុត នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​។​

​ប្រា​សាក់ បានទទួល​ការអនុញ្ញាត និង​ចុះបញ្ជី​ជា​ស្ថាពរ ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​.) លើ​ឯកសារ​ផ្តល់ព័ត៌មាន សម្រាប់​ការបោះ​ផ្សាយ លក់​សញ្ញាប័ណ្ណ​សាជីវកម្ម​ប្រា​សាក់ ជា​សាធារណៈ​នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០​។
​សញ្ញាប័ណ្ណ​សាជីវកម្ម​ប្រា​សាក់ ដែល​ដាក់លក់​នៅពេលនេះ គឺជា​សញ្ញាប័ណ្ណ​សាជីវកម្ម ដែល​បោះផ្សាយ​ដោយ​គ្រឺះ​ស្ថាន​ហិរញ្ញវត្ថុ ដែលមាន​ការធានា​ទាំងស្រុង ពី​ស្ថាប័ន​អន្តរជាតិ Credit Guarantee and Investment Facility (CGIF) ដែលជា​មូលនិធិ​បរ​ធន​មួយ នៃ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ។​

​បន្ទាប់ពី​ការធ្វើ​បរិវិសកម្ម សញ្ញាប័ណ្ណ​សាជីវកម្ម​ប្រា​សាក់ ចាប់ពី​ថ្ងៃទី​៦ ខែមេសា រហូតដល់​ត្រឹម​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ កន្លងមកនេះ ប្រា​សាក់​ទទួលបាន​ការគាំទ្រ​ពី​វិនិយោគិន​ចំនួន​៣ រួមមាន ធនាគារ HongLeong របស់​ម៉ាឡេស៊ី​, ក្រុមហ៊ុន​ធានារ៉ាប់រង Prudential, ធនាគារ Shinhan ក្នុង​ទឹកប្រាក់​សរុប​ចំនួន ១២៧,២ ប៊ី​លាន​រៀល ដែល​អនុញ្ញាតឱ្យ​ប្រា​សាក់ ពង្រីក​សក្តានុពល​រប​ស់​ខ្លួន​បន្ថែមទៀត ក្នុងការ​ផ្តល់​ឥណទាន​ជា​ប្រាក់រៀល ជូន​ដល់​ប្រជាជន​កម្ពុជា​។ នេះ​បើ​យោងតាម​លោក លោក ស៊ីម សេនា​ជាតិ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម​.​ក​។​

​លោក សេនា​ជាតិ​បាន​ឲ្យ​ដឹងថា ការបោះ​ផ្សាយ​សញ្ញាប័ណ្ណ​សាជីវកម្ម​ប្រា​សាក់ នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា មិន​ត្រឹមតែ​អនុញ្ញាតឱ្យ​ប្រា​សាក់ ទទួលបាន​នូវ​ប្រភព​ទុន​មាន​រយៈពេល​វែង និង​មាន​ប្រភព​ទុន​ថ្មី​មួយទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង ផ្តល់ជូន​គុណវុឌ្ឍិ យ៉ាង​ពេញលេញ​ដល់​ប្រា​សាក់ ក្នុងនាម​ជា​គ្រឹះស្ថាន ដែលមាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ មាន​តម្លាភាព​ហិរញ្ញវត្ថុ និង​អនុវត្តបាន​ពេញលេញ​តាម​បទ​ប្បញ្ញត្តិ​នានា​។​

​លោក​ថា​៖«​យើងខ្ញុំ​ជឿជាក់ថា ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​នេះ ក៏​នឹង​ចូលរួមចំណែក​គាំទ្រ ដល់​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​កា​រ​ប្រើប្រាស់​ប្រាក់រៀល ការអភិវឌ្ឍ​ផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា និង​ពង្រីក​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ឱ្យ​កាន់តែ​ទូលំទូលាយ នៅ​កម្ពុជា​បន្ថែមទៀត​។​

​លោក​ហុង សុខ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា មានប្រសាសន៍ថា វត្តមាន​របស់ PRASAC នៅក្នុង ផ្សា​រមូល​ប​ត្រ​កម្ពុជា គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយទៀត សម្រាប់​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​។ PRASAC គឺជា​ក្រុមហ៊ុន​ចុះបញ្ជី​ក្រុមហ៊ុន​ទី ៦ ហើយ​ជា​ក្រុមហ៊ុន​ទី ៣ ដែល​បាន​ចុះបញ្ជី នៅក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា​។​

​លោក​សុខ​ហួរ បាន​មានប្រសាសន៍ថា​៖ «​ប្រា​សាក់​បាន​ប្រមូល​មូលធន​ពី​ទីផ្សារ រហូតដល់ ១២៧,២ ពាន់​លាន​រៀល​ឬ ៣១,៨ លាន​ដុល្លារ ហើយ​បាន​ក្លាយជា​ក្រុមហ៊ុន​ទី ១១ ដែល​បាន​ចុះបញ្ជី​នៅក្នុង​ទីផ្សារ​មូលធន របស់​ប្រទេស​កម្ពុជា ហើយ​ជា​ភាគហ៊ុន​ទី ៦ នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​” ។​
​គិត​ត្រឹម​ពេលនេះ ផ្សា​រមូល​ប​ត្រ​កម្ពុជា មាន​ក្រុមហ៊ុន​ចំនួន ១១ ក្រុមហ៊ុន​ភាគហ៊ុន​ចំនួន ៥ ក្រុមហ៊ុន​
​សម្ព័ន្ធ​សាជីវកម្ម​ចំនួន ៦ ។ មូលធន សរុប​ដែល​ប្រមូល បាន​ពី​ផ្សា​រមូល​ប​ត្រ​កម្ពុជា មាន​ចំនួន ២២៣ លាន​ដុល្លារ​៕​ដោយ​៖​សម្ផស្ស​

spot_img
×