ភ្នំពេញ៖ បើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ប្រទេសកម្ពុជាសម្រេចការនាំចេញអង្ករ របស់ខ្លួន នៅក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២០នេះ បានជាង ៣០ម៉ឺនតោន ដែលបរិមាណនេះស្មើនឹងជាង ៤៨% នៃការនាំចេញសរុបក្នុងឆ្នាំ២០១៩។
ការនាំចេញ៤ខែដំបូងមានចំនួន ៣០០.២៥២ តោន គឺមានកំណើនចំនួន ៤១% បើប្រៀបជាមួយ ៤ខែ ដើមឆ្នាំ ២០១៩ ដែលនាំចេញ បានប្រមាណត្រឹម ចំនួន ២១៣.៧៦៣ តោន តែប៉ុណ្ណោះ។ នេះជាកំណើនមួយដែលគួរឲ្យកត់សម្គាល់បំផុតរបស់កម្ពុជា ដែលបានសម្រេចការនាំចេញមានតួលេខខ្ពស់បំផុតក្នុងរយៈពេល៤ខែដើមឆ្នាំ នៃការនាំចេញរបស់កម្ពុជាក្នុងរយៈ១០ឆ្នាំចុងក្រោយ។ ដោយឡែកសម្រាប់ខែមេសា ឆ្នាំ ២០២០ ទោះបីរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់គិតគូរយ៉ាងហ្មត់ចត់ ចំពោះសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយផ្អាកការនាំចេញ “អង្ករស” មួយរយៈពេលខ្លីក៏ដោយ ក៏ការនាំចេញអង្ករក្រអូបរបស់កម្ពុជាបានសម្រេចជាង ៦៩ពាន់តោន ដែលផ្តល់នូវតម្លៃមួយយ៉ាងខ្ពស់ សម្រាប់អាជីវករ និងអ្នករកស៊ីនៅក្នុងវិស័យស្រូវអង្ករ។
ការនាំចេញអង្ករកម្ពុជា ក្នុងខែ មេសាឆ្នាំ២០២០ គឺសង្កេតឃើញថា ជាង ៣៩% គឺបាននាំទៅប្រទេសនៅទ្វីបអឺរ៉ុប ជាង៣០% ទៅប្រទេសចិន ជាង១៣% ទៅបណ្តាប្រទេសនៅក្នុងរដ្ឋសមាជិកអាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ី និង ព្រុយណេ ហើយ ១៨% ទៅកាន់តំបន់ផ្សេងៗដែលក្នុងនោះប្រទេសអូស្ត្រាលី ញូហ្សេឡែន មានការកើនឡើងគួរឲ្យកត់សម្គាល់។ ការនាំចេញនេះ គឺមានកំនើន ជាង ៦១%បៀបធៀបទៅខែ មេសា ឆ្នាំ ២០១៩ដូចគ្នា។
ម្យ៉ាងទៀតក្នុង រយៈពេល៤ខែដើមឆ្នាំ ២០២០ នេះគឺប្រទេសកម្ពុជាបាននាំចេញទៅកាន់ប្រទេសចិន ចំនួន ៤១% ស្មើនឹង ១២២០៩៤ តោន ទៅកាន់សហគមន៍អឺរ៉ុប និងប្រទេសអង់គ្លេស មានចំនួន ៣២% ស្មើ ៩៧៣៣៧ តោន ប្រទេសនៅក្នុងសហគមន៍អាស៊ាន មានចំនួន១៣% ចំនួន ៣៧៤២៨តោន និងបណ្តាប្រទេសផ្សេងមានចំនួន១៤% ឬ ៤៣៣៩៣តោន។
បើយើងពិនិត្យមើលកំណើន តាមគោលដៅនីមួយយើងឃើញថា បណ្តាប្រទេសគោលដៅផ្សេងៗដែលក្នុងនោះមានប្រទេសអូស្តាលី ញួហ្សេឡែន កាប៉ុង មានកំណើនខ្ពស់ជាង៧៩% សហគមន៍អឺរ៉ុបមានកំណើន ៤៩% ប្រទេសក្នុងតំបន់អាស៊ាន ២៩% និង ប្រទេសចិនមានចំនួន ២៨% ដែលកំណើនជារួមគឺ ៤០% ប្រៀបទៅឆ្នាំ២០១៩៕ ដោយ ៖ សម្ផស្ស