ព្រះសីហនុ៖ ករណីអគ្គិភ័យឆេះរោងសិប្បកម្មផលិតកេះស្នោ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមូលហេតុ បណ្តាលមកពីឆ្លងចរន្តភ្លើង ពីជាងផ្សារដែកលើដំបូល ។
សមត្ថកិច្ចបានអន្តរាគមន៍ជួយពន្លត់អគ្គិភ័យ ដែលឆេះរោងសិប្បកម្មផលិតកេះស្នោ មួយកន្លែង នៅខាងលិចផ្សារត្រពាំងរពៅ ជាប់ផ្លូវជាតិលេខ៣(វាលរេញ.កំពត) ក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុ នៅវេលា ម៉ោងជិត៤កន្លះល្ងាចថ្ងៃទី៧ឧសភា២០២០នេះ ។
លោកឧត្តមសេនីយ៍ត្រីប៊ូ សុធី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនពន្លត់អគ្គិភ័យ មានប្រសាសន៍ប្រាប់ថា សមត្ថកិច្ចបានគ្រប់គ្រងអគ្គិភ័យនេះបាន មិនរាលដាលដល់ផ្ទះពលរដ្ឋដែលនៅក្បែរខាងឡើយ ប៉ុន្តែរោងសិប្បកម្មមួយនេះបានខូចខាតទាំងស្រុង និងថាពុំមានមនុស្សរងគ្រោះថ្នាក់ទេ។
លោកវរសេនីយ៍ទោហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា រោងសិប្បកម្មនេះមានទទឹងប្រវែង ៥៤ម៉ែត្រ និងបណ្តោយប្រវែង ៧០ម៉ែត្រ សាងសងពីដែក ប្រកស័ង្កសី ជញ្ជាំងឥដ្ឋ ជាកម្មសិទ្ធិរបស់រោងចក្រ ស័ង ហ័ន ប្រតិបត្តិអាជីវកម្មដោយជនជាតិចិន។
ពេលកើតហេតុ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងសមត្ថកិច្ចពីខេត្តកំពត បានរួមគ្នាបាញ់ទឹកពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿង ក្នុងនោះមកពីខេត្តព្រះសីហនុចំនួន ៣គ្រឿង ខេត្តកំពត ៤គ្រឿង ប្រើទឹកអស់ចំនួន ២៨ រថយន្ត ទើបរលត់មិនរាលដាលបន្ត ប៉ុន្តែរោងសិប្បកម្មនេះខូចខាតទាំងស្រុង និងខាតបង់សម្ភាររួមមាន៖ ម៉ាស៊ីនផលិតកេះស្នោចំនួន ៣គ្រឿង កេះស្នោផលិតហើយមួយចំនួនធំ ដុំស្កុតមួយចំនួនធំ ទូទឹកកកចំនួន ៣គ្រឿង កំព្យូទ័រចំនួន ៣គ្រឿង ម៉ាស៊ីនត្រជាក់ ៦គ្រឿង ខោអាវកម្មករ លិខិតឆ្លងដែនជនជាតិចិន ២ច្បាប់និង ប្រាក់មួយចំនួន៕
ដោយ៖បញ្ញាស័ក្តិ