បាត់ដំបង ៖ មេឃគ្មានភ្លៀងធ្លាក់ជោកជាំ បានធ្វើឲ្យកសិករមានការយឺតយ៉ាវ ក្នុងការភ្ជួរដាស់ដី ដើម្បីធ្វើស្រែចាប់ពីដើមរដូវនៅបាត់ដំបង។ ពួកគាត់មានការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងបញ្ហាស្បៀងអាហារ ព្រោះបញ្ហាបម្រែបម្រួលអាកាសធាតុ បង្កជាឥទ្ធិពលមិនឲ្យមានភ្លៀងធ្លាក់ទៀងទាត់ នៅដើមរដូវវស្សាឆ្នាំ២០២០។
ប្រជាកសិករនៅក្នុងឃុំស្នឹងស្រុកបាណន់ បានប្រាប់ឲ្យដឹងថា បញ្ហាភ្លៀងនៅក្នុងឆ្នាំ២០២០នេះ ហាក់ខុសប្លែកពីរាល់ឆ្នាំ ព្រោះរាល់ឆ្នាំឲ្យតែដល់ខែ៥ខែ៦នេះ មានភ្លៀងធ្លាក់ជោកជាំគ្រប់គ្រាន់និងមានទឹកដក់ក្នុងស្រែច្រើន អាចចាប់ផ្ដើមភ្ជួរដាស់ដីធ្វើស្រែបាន និងតំបន់ខ្លះទៀត អាចធ្វើបានតាំងពីមុនបុណ្យចូលឆ្នាំ ហើយបើគិតត្រឹមពេលនេះ ក៏មានស្រូវដុះពេញស្រែផងដែរ។ មេឃមានភ្លៀងធ្លាក់អាចភ្ជួររាស់ បានតិចតួចនិងបានចាប់ផ្ដើមភ្ជួរស្រែ និងព្រោះស្រូវរង់ចាំទឹកភ្លៀងធ្លាក់ អាចធ្វើឲ្យស្រូវដុះល្អ ប៉ុន្តែក៏មានការព្រួយបាម្ភដែរ បើភ្លៀងនៅតែមិនបានធ្លាក់ អាចបណ្ដាលឲ្យពូជស្រូវរងការខូចខាត ហើយនៅមានស្រែភាគច្រើន ក៏នៅមិនទាន់បានភ្ជួរដាស់ដីនៅឡើយទេ។
បើតាមក្រសួងធនធានទឹកនិងឧតុនិយម បានបង្ហាញនូវការព្យាករណ៍ជាហូរហែរ នៃការភ្លៀងធ្លាក់នៅឆ្នាំ២០២០នេះ នៅតំបន់ខ្ពង់រាបកណ្ដាល តំបន់ភូមិភាគឦសាន្ត និងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពីកម្រិតខ្សោយ មធ្យម ទៅខ្លាំង ប៉ុន្តែសម្រាប់ខេត្តបាត់ដំបង ជាខេត្តស្ថិតក្នុងតំបន់ខ្ពង់រាបកណ្ដាល មានភ្លៀងធ្លាក់ត្រឹមកម្រិតខ្សោយទៅមធ្យមប៉ុណ្ណោះ។ ការភ្លៀងធ្លាក់ក្នុងសភាពបែបនេះ មិនអាចគ្រប់គ្រាន់ឲ្យកសិករ ក្នុងការធ្វើស្រែចម្ការឲ្យបានផុលផុស ដូចរាល់ឆ្នាំនោះទេ។
មួយវិញទៀត ភ្លៀងធ្លាក់ពីខ្សោយទៅមធ្យមនេះ ក៏បានលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ ធ្វើឲ្យប៉ះពាល់និងរងការខូចខាត រលំផ្ទះសម្បែងអស់ជាច្រើនខ្នងផងដែរ ៕ ដោយ ៖ អ៊ុងសារុំ