លទ្ធផលនៃការទប់ស្កាត់ការរាតត្បាត និងការព្យាបាលមេរោគ COVID-19 នៅក្នុងតំបន់អាស៊ាន រយៈកាលកន្លងមកនេះបានបង្ហាញថា មានប្រទេស២បាននាំមុខគេលើការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ COVID-19 បានល្អ គឺប្រទេសកម្ពុជា និងប្រទេសឡាវ ដោយប្រទេសទាំង២នេះមានអ្នកជម្ងឺឆ្លងតិចជាងគេ និងក្នុងចំណោមអ្នកជម្ងឺដែលបានឆ្លងមិនទាន់មានអ្នកណាម្នាក់បានស្លាប់នៅឡើយទេ។
យោងតាមមជ្ឈមណ្ឌលព័ត៌មានអាស៊ាន បានបង្ហាញថា គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ ប្រទេសឡាវមានអ្នកឆ្លងមេរោគ COVID-19 មានចំនួនតិចជាងគេ ពោគឺមានអ្នកឆ្លងត្រឹមតែ១៩នាក់ប៉ុណ្ណោះ ស្រប់ពេលចំនួនអ្នកត្រូវបានព្យាបាលជាសះស្បើយមានចំនួន៩នាក់។ សម្រាប់ប្រទេសកម្ពុជាវិញគឺមានអ្នកឆ្លងសរុបចំនួន ១២២ នាក់ខណៈចំនួនអ្នកដែលត្រូវបានព្យាបាលជាសះស្បើយមានរហូតដល់ទៅ១២០នាក់ ពោលមានន័យថា អ្នកដែលនៅកំពុងព្យាបាលគឺមានចំនួនតិចជាងគេ គឺមានត្រឹមតែ២នាក់ប៉ុណ្ណោះ។
ដោយឡែកក្នុងចំណោមប្រទេសទាំង១០របស់អាស៊ាន ប្រទេសសិង្ហបុរី មានចំនួនអ្នកឆ្លងមេរោគខាងលើនេះច្រើនជាងគេ គឺមានចំនួនសរុបដល់ទៅ ២១៧០៧ នាក់ និងមានអ្នកស្លាប់ចំនួន ២០ នាក់ និងអ្នកត្រូវបានព្យាបាលជាមានចំនួន ២០៤០នាក់។ ហើយគ្រាន់តែនៅថ្ងៃទី៩ ខែឧសភា នេះតែ១ថ្ងៃប៉ុណ្ណោះ សិង្ហបុរី បានធ្វើតេស្តរកឃើញអ្នកឆ្លងថ្មីមានចំនួនដល់ទៅ ៧៦៨ ករណីឯណោះ។
តាមពីក្រោយប្រទេសសិង្ហបុរីក៏មានប្រទេស ឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន ដែលជាប់ជាប្រទេសមានការរីករាលដាល់មេរោគ COVID-19 ច្រើនជាងគេក្នុងតំបន់អាស៊ានផងដែរ ក្នុងនោះ ប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងសរុបចំនួន ១៣១១២ នាក់ មានអ្នកស្លាប់ចំនួន៩៤៣ នាក់ និងអ្នកឆ្លងថ្មីនៅថ្ងៃនេះមានចំនួន ៣៣៦ នាក់។ សម្រាប់ប្រទេសហ្វីលីពីនវិញ មានអ្នកឆ្លងសរុបចំនួន ១០៤៦៣ នាក់ អ្នកស្លាប់ចំនួន ៦៩៦ នាក់ និងមានអ្នកឆ្លងថ្មីនៅថ្ងៃនេះ មានចំនួន ១២០ នាក់៕ ដោយ ៖ វីដា