ភ្នំពេញ៖ មេឃភ្លៀងមួយមេធំ លាយឡំ ខ្យល់កន្ត្រាក់ បោកបក់បណ្ដាលបាក់ដើមអង្កាញ់មួយដើម កាត់ទទឹងមហាវិថីម៉ៅសេទុង ក្នុងមូលដ្ឋានសង្កាត់ទទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីទៀបភ្លឺថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។
ដើមក្ងោកមួយដើម បានបាក់សង្កត់ រថយន្ត១គ្រឿង ក្រោយមេឃភ្លៀងមួយមេ រួមនឹងខ្យល់បោកបក់យ៉ាងខ្លាំង នៅតាមបណ្ដោយផ្លូវរង្វង់មូលវត្តភ្នំ ទល់មុខអគ្គិសនីកម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
លោកណាត សារឿន ប្រធានប្រជាការពារខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើនេះគឺ មានមេឃភ្លៀងធ្លាក់មួយមេ ដោយលាយឡំខ្យល់កន្ត្រាក់ ដោយបោកបក់យ៉ាងខ្លាំងដោយបណ្ដាលឲ្យបាក់ដើមអង្កាញ់ រលំមកកាត់ទទឹងមហាវិថីម៉ៅសេទុង នៅចំណុចកើតហេតុខាងលើនោះ រួចភ្លាមនោះ លោកក៏បានដឹកនាំកម្លាំងប្រជាការពារ តាមការណែនាំពីសំណាក់លោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន ដោយបានចុះជួយសម្រួលនៅកន្លែងកើតហេតុភ្លាមៗតែម្ដង ហើយបានកាត់មែកឈើដើមឈើយកចេញ ដើម្បីបញ្ចៀសរាល់ការកកស្ទះចរាចរ នាពេលព្រឹកផងដែរ។
លោកណាត សារឿន ប្រធានប្រជាការពារខណ្ឌបឹងកេងកង បានឲ្យដឹងទៀតថា ចំពោះករណីដួលរលំដើមឈើខាងលើនោះ គឺមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្ស និងទ្រព្យសម្បត្តិប្រជាជននៅកន្លែងកើតហេតុនោះទេ ៕ដោយ៖កូឡាប