Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​អាជ្ញាធរខេត្ត​ស្វាយរៀង​បន្ត ជំរុញ​ប្រជាពលរដ្ឋ​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ ទោះ​កម្ពុ​ជាមាន​ស្ថាន​ភាពល្អ​

ខេត្តស្វាយរៀង​៖​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ឃុំ​ស្វាយ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ បាន​បន្តធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ថែរក្សា​អនាម័យ​ខ្លួនប្រាណ លាង​សម្អាត​ដៃ​ឲ្យ​បាន​ទៀងទាត់ និង​ចូលរួម​អនុវត្តន៍​តាម​ការណែនាំ របស់​រាជរដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ទោះ​មួយរយៈ​នេះ កម្ពុ​ជាមាន​ស្ថានភាព​ល្អប្រសើរ​ក៏ដោយ​។​

​លោក​បាន​មានប្រសាសន៍​ដូចនេះ នៅក្នុង​ឱកាស​ចុះ​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ និង​នាំយក​គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​ប្រើប្រាស់​ចែក ជូន​ដល់​គ្រួសារ​ក្រីក្រ ដែលមាន​ជីវភាព​ខ្វះខាត​ក្នុងស្ថានភាព​កូ​វីដ​១៩ ចំនួន ៥៨​គ្រួសារ មកពី​១៥​ភូមិ ក្នុង​ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​លោក តូច ប៉ូ​លី​វ៉ា បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​ឧបនាយករដ្ឋមន្ត្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយ​យា​។ លោក​បាន​បញ្ជាក់ថា ជំងឺ​កូ​វីដ​១៩​នេះ មិនមាន​ករណី​កើតឡើង ដោយសារ​មូលហេតុ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ទេ គឺ​ចូល​ពី​ក្រៅប្រទេស ហើយ​ជំងឺ​នេះ​មាន​ករណី​ឆ្លង​ចំនួន ១២២​ករណី និង​ជាសះស្បើយ​ចំនួន ១២១​ករណី​។​

​លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ កងកម្លាំង ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ណែនាំ​កូនចៅ​ឲ្យ​ចៀស​ឆ្ងាយ ពី​ការប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ជាពិសេស​មិនត្រូវ​មើលស្រាល​ចំពោះ​ជំងឺ​កូ​វីដ​១៩ នោះទេ​៕

ដោយ​៖​វ៉ៃ​កូ​

×