Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ស្នើសុំ​រុស្សុីជំរុញ និង​គាំទ្រ​លើ​ដំណើរ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា​-EAEU

​លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានស្នើ​រុស្ស៊ី​ជួយ​ជំរុញ និង​គាំទ្រ​លើ​ដំណើរ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម រវាង​កម្ពុជា​-EAEU ក្នុងទិសដៅ​ក្នុងការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការស្នើ​នេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Dmitry Tsvetkov ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អមដំណើរ​ដោយ លោក Alexey Shevtsov ទីប្រឹក្សា​ស្ថានទូត​សហព័ន្ធរុស្ស៊ី និង​មានការ​ចូលរួម​ពី​ថ្នាក់​អនុរដ្ឋលេខាធិការ និង មន្ត្រី​ជំនាញ​ផងដែរ ។

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត Dmitry Tsvetkov បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ និង​ឯកភាព​ចំពោះ​ការលើកឡើង​របស់លោក​ជំទាវ​ដែល​ជំរុញឱ្យមាន​កិច្ចពិភាក្សា និង​ការសហការ​ជាមួយ​EAEU ឱ្យ​កាន់តែ​បាន​ជិតស្និទ្ធ ។​

​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​COVID-19 ប្រទេស​ជាច្រើន​បានដាក់​ចេញ​នូវ​វិធានការ​ប្រុងប្រយ័ត្ន​បន្ថែម ដើម្បី​ជៀសវាង​ហានិភ័យ​នៃ​ការឆ្លង រួមទាំង​ការ​រឹតត្បិត​ការធ្វើដំណើរ និង​ការហាមឃាត់​ការជួប​ជុំគ្នា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។ ដោយ​ពិចារណា​លើ​ការ​រឹតត្បិត​ទាំងនេះ លោកជំទាវ​រដ្ឋលេខាធិកា​រ បានស្នើ​សុំឱ្យ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៣ នៃ​ក្រុមការងារ​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​(EEC) តាមរយៈ​videoconference នៅ​ខែកក្កដា​ឆ្នាំ​២០២០​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ឯកភាព​ចំពោះ​សំណើ​របស់​លោកជំទាវ ព្រមទាំង​បាន​ជម្រាបជូន​លោកជំទាវ​ពី​ការបញ្ចប់​អណ​ត្តិ និង​ការ​ជម្រាបលា​របស់​ឯកឧត្តម នៅក្នុង​រយៈពេល​២​សប្តាហ៍​ខាងមុខ​ទៀត ។ លោកជំទាវ តឹក​រ៉េត កំរង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល​បាន​ជួយ​គាំទ្រ និង​ជំរុញ​កិច្ចសហការ​ជិតស្និទ្ធ​រវាង​កម្ពុជា​-​រុស្ស៊ី និង​កម្ពុជា​-​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​(EAEU) ក្នុង​អាណត្តិ​ដែល​ឯកឧត្តម​បំពេញបេសកកម្ម​នៅ​កម្ពុជា ក៏ដូចជា​ការចែករំលែក​នូវ​បទពិសោធន៍ យោបល់ និង​ចំណេះ​ជំនាញ​នានា ដើម្បីអោយ​កម្ពុជា​អាចឈាន​ទៅដល់​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា​-EAEU៕

ដោយ ៖ វីដា