អាជ្ញាធរអាមេរិចបានធ្វើការព្រមាននៅថ្ងៃពុថា ក្រុមហែកឃ័របស់ចិន (Hacker) កំពុងព្យាយាមលួចទិន្នន័យនៃការព្យាបាល និងបង្កើតវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា។
ភ្នាក់ងារស៊ើបអង្កេត FBI និងភ្នាក់ងារសន្និសុខរចនាសម្ព័ន្ធ និងសន្តិសុខអ៊ឺនធឺណិត (CISA) បាននិយាយថា ស្ថាប័នដែលកំពុងស្រាវជ្រាវបង្កើតវ៉ាក់សាំង COVID-19 កំពុងប្រឈមនឹងហានិភ័យ ដោយសារតែក្លាយជាគោលដៅរបស់ចិន។
ពួកគេបានព្រមានថា ក្រុមហែកឃ័ររបស់ចិន និងក្រុមផ្សេងទៀត ប៉ុនប៉ងលួចយកទិន្នន័យកម្មសិទ្ធិបញ្ញាដ៏សំខាន់ និងទិន្នន័យសុខភាពសាធារណៈ ទាក់ទងនឹងការបង្កើតវ៉ាក់សាំង ការព្យាបាល និងការធ្វើតេស្ត ពីបណ្តាញ និងការស្រាវជ្រាវទាក់ទងនឹង COVID-19។
អាជ្ញាធរអាមេរិចថ្លែងថា “ការប៉ុនប៉ងរបស់ចិនក្នុងលួចទិន្នន័យលើវិស័យនោះ ធ្វើឲ្យមានការគំរាមកំហែងយ៉ាងខ្លាំង ដល់ការឆ្លើយតបរបស់ជាតិយើង ចំពោះ COVID-19″។
ស្ថាប័នទាំងពីរខាងលើរបស់អាមេរិច មិនបានផ្តល់ភស្តុតាង ឬឧទាហារណ៍ណាមួយ សម្រាប់គាំទ្រដល់ការអះអាងរបស់ពួកគេ។
ប្រធានាធិបតីអាមេរិដូណាល់ ត្រាំ បានចោទប្រកាន់ចិនថា លាក់ប្រភពនៃវីរុសកូរ៉ូណា និងមិនទទួលយកការសហការ ជាមួយនឹងអាមេរិច និងប្រទេសផ្សេងៗ សម្រាប់ការស្រាវជ្រាវ និងប្រយុទ្ធប្រឆាំងនឹងវីរុស។
នៅពេលសួរអំពីរបាយការណ៍ដែលអាមេរិចជឿជាក់ថា ក្រុមហែកឃ័រចិនព្យាយាមលួចទិន្នន័យស្រាវជ្រាវវ៉ាក់សាំងអាមេរិច លោក ដូណាល់ ត្រាំ បានថ្លែងថា “តើមានអ្វីថ្មីជាមួយចិន? តើមានអ្វីទៀតថ្មី”។ ប្រាប់ខ្ញុំមក។ ខ្ញុំមិនសប្បាយចិត្តជាមួយចិននោះឡើយ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗ ចិនបានបដិសេធមិនឲ្យមានការស៊ើបអង្កេតឯករាជ្យអន្តរជាតិដើម្បីស្វែងរកប្រភពវីរុសកូរ៉ូណាឡើយ ដោយចិនលើកឡើងថា វាជាពេលវេលាប្រយុទ្ធប្រឆាំងនឹងវីរុស៕
ប្រភព៖ Channelnewsasia
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ