អង្គការសុខភាពពិភពលោក (WHO) បានធ្វើការព្រមានថា វីរុសកូរ៉ូណា “ប្រហែលនឹងមិនបាត់ទៅណាឡើយ” ទោះបីជារកឃើញវ៉ាក់ក៏ដោយ។
នាយកផ្នែកអាសន្នរបស់អង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Mike Ryan បានព្រមានចំពោះរាល់ការព្យាយាមព្យាករណ៍ពីពេលវេលាដែលវីរុសនោះនឹងបាត់ទៅ។
លោកបន្ថែមថា “ទោះបីជាវ៉ាក់សាំងត្រូវបានរកឃើញក្តី ការគ្រប់គ្រងវីរុសនឹងត្រូវការកិច្ចប្រែងខ្លាំង”។
នៅពេលជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិ បានព្រមានថាជំងឺរាតត្បាតកំពុងបង្កឲ្យមានការព្រួយបារម្ភ និងសុខភាពផ្លូវចិត្ត ជាពិសេសនៅក្នុងប្រទេសដែលខ្វះការវិនិយោគលើការថែទាំសុខភាពផ្លូវចិត្ត។
តើ WHO និយាយអ្វីខ្លះ?
លោកវេជ្ជបណ្ឌិត Mike Ryan បានថ្លែងក្នុងសន្និសិទក្នុងទីក្រុងហ្សឺណែវថា “វាពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការយកបញ្ហានេះដាក់លើទុក៖ “វីរុសនេះប្រហែលអាចក្លាយជាវីរុសរាតត្បាតមួយទៀតនៅក្នុងសហគមន៍របស់ពួកយើង ហើយវាប្រហែលជាមិនបាត់ទៅណាឡើយ”។
“មេរោគហ៊ីវ (HIV) មិនបាត់ទៅណាឡើយ ប៉ុន្តែពួកយើងត្រូវគិតដូចគ្នាចំពោះវីរុស”។
លោកនិយាយថា លោកមិនជឿជាក់ចំពោះ នរណាម្នាក់ដែលព្យាករណ៍ពីពេលវេលាដែលវីរុសនឹងបាត់ទៅឡើយ។
បច្ចុប្បន្ន មានវ៉ាក់សាំងច្រើនជាង ១០០កំពុងអភិវឌ្ឍន៍ ប៉ុន្តែលោកវេជ្ជបណ្ឌិតបានធ្វើការកាត់សម្គាល់ឃើញថា មានជំងឺជាច្រើនផ្សេងទៀត ដូចជាជំងឺកញ្ច្រិល (measles) ដែលយើងមិនអាចលុបបំបាត់វាបាន ទោះបីមានវ៉ាក់សាំងក៏ដោយ។
សូមបញ្ជាក់ថា ចាប់តាំងពីផ្ទុះដំបូងចេញពីទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ ២០១៩ វីរុសកូរ៉ូណា បានឆក់យកជីវិតមនុស្សជិត ៣០០.០០០នាក់ និងឆ្លងទៅកាន់មនុស្សជាង ៤.៣លាននាក់ទូទាំងពិភពលោក៕
ប្រភព៖ BBC
អត្ថប្រែសម្រួលដោយ៖ សុភ័ក្រ