ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ នាទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា ការដាក់ឱ្យដំណើការណូរីឡើងវិញ បានទាក់ទាញភ្ញៀវទេសចរ ក្នុងស្រុកប្រមាណ ៣០ភាគរយ ហើយបានជួយសម្រួលជីវភាពប្រជាពលរដ្ឋ នៅក្នុងស្រុកបាណន់ បានមួយកម្រិតបន្ថែមទៀត ។
លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ការជិះណូរី ឬគេហៅ ជាភាសាអង់គ្លេសថា Bamboo Train កំពុងមានការចាប់អារម្មណ៍ខ្លាំង ដោយភ្ញៀវអាចជិះទស្សនាទេសភាព ដូចជា ព្រៃភ្នំ, ចម្ការដំឡូង, ចេក និងចម្ការស្វាយជាដើម។
លោកបានឲ្យដឹងទៀតថា យានជំនិះ ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងមួយនេះ ត្រូវបានអភិរក្សឡើងវិញ កាលពីឆ្នាំ២០១៨ សម្រាប់ដឹកភ្ញៀវទេសចរទស្សនា កម្សាន្តទេសភាពនៅជុំវិញភ្នំបាណន់ ដែលបានទាក់ទាញភ្ញៀវទេសចរ ឲ្យមានការកើនឡើងប្រមាណ ៣០ភាគរយ។ កំណើនភ្ញៀវទេសចរនេះ បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ នៅក្នុងស្រុកបាណន់ ដោយសារទិន្នផលកសិកម្ម ដែលប្រជាពលរដ្ឋផលិតបាន ត្រូវបានបម្រើដល់វិស័យទេសចរមួយចំនួនផងដែរ ។
សមិទ្ធផលថ្មីៗ ដែលមាននាយកដ្ឋានជំរុញផលិតផលទេសចរក្នុងស្រុកនេះ បានជួយបង្កើតការងារ និងចំណូល ដូចជា ឯកឧត្តមអភិបាលខេត្ត បានលើកហើយអំពីណូរី វាជាអត្តសញ្ញាណមួយ ជាមោទនភាពខេត្តបាត់ដំបងយើង ឃើញថា ណូរីនេះបង្កើតឡើងកាលពីឆ្នាំ២០១៨ ក្នុងរយៈពេល២ឆ្នាំនេះ ជំរុញកំណើនភ្ញៀវទេសចរ ក្នុងស្រុកបានជាង ៣០ភាគរយ ហើយផ្តល់ឱកាសការងារ ដល់ប្រជាជនរស់នៅជុំវិញស្រុកបាណន់ ១៨គីឡូម៉ែត្រនេះទិន្នផល ដែលគាត់ផលិតបាន គឺបម្រើឲ្យវិស័យទេសចរមួយចំនួនជាង ៣០ភាគរយនៃកំណើនទាំងអស់នេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជិត ៦៧ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិជាង ៥ម៉ឺននាក់ និងភ្ញៀវទេសចរអន្តរជាតិជាង ១១ម៉ឺននាក់ ដែលចំនួននេះមានការកើនឡើង ៨,១២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។ ខេត្តបាត់ដំបងជាខេត្តមួយ ដែលមានភោគផលធម្មជាតិសម្បូរបែប និងទីតាំងប្រវត្តិសាស្ត្រជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកទស្សនាសម្រាកលំហែកាយ និងកម្សាន្ត នៅតាមបណ្តាតំបន់ទេសចរណ៍នានាក្នុងខេត្ត ទាំងតំបន់ទេសចរណ៍ធម្មជាតិ កែច្នៃ វប្បធម៌ និងប្រវត្តិសាស្ត្រ ជាពិសេសខេត្តមានសណ្ឋាគារចំនួន ៤៩កន្លែង, ផុះ្ទសំណាក់ ៨៥កន្លែង និងភោជនីយដ្ឋាន-អាហារដ្ឋានចំនួន ៦៨កន្លែង ដែលបានកំពុងដំណើរការ ផ្តល់ជូននូវសេវាស្នាក់នៅ និងចំណីអាហារ ប្រកបដោយភាពកក់ក្តៅ និងមានគុណភាព ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ៕
ដោយ៖សម្ផស្ស