ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានបង្ហាញសញ្ញាកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ចំពោះទំនាក់ទំនង របស់លោកជាមួយនឹងប្រទេសចិន ជុំវិញបញ្ហាវីរុស COVID-19 ដោយលើកឡើងថា គាត់គ្មានចំណូលចិត្តនិយាយ ជាមួយនឹងប្រជានាធិបតីចិន ស៊ី ជីនពីងទេឥឡូវនេះ ហើយគាត់ថែមទាំង អាចកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងចិនផងដែរ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង Fox Business Network កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំបាននិយាយថា លោកពិតជាមានការខកចិត្តយ៉ាងខ្លាំង ចំពោះភាពបរាជ័យរបស់ចិន ក្នុងការទប់ស្កាត់វីរុស ហើយការរាតត្បាតវីរុសបង្កើតឲ្យមានស្ថានភាព មិនល្អចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម កាលពីខែមករារបស់លោកជាមួយ នឹងទីក្រុងប៉េកាំង ដែលដំបូងឡើយ លោកបានចាត់ទុកវាជាការសម្រេចបានដ៏ធំ។
លោកថ្លែងថា “ពួកគេមិនគួរឲ្យវាកើតឡើងនោះឡើយ ដូច្នេះខ្ញុំអាចបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មដ៏អស្ចារ្យបាន ប៉ុន្តែឥឡូវនេះ វាមិនមានអារម្មណ៍ដូចគ្នាចំពោះខ្ញុំនោះទេ”។
លោកថ្លែងថា “ឥឡូវនេះ ខ្ញុំមិនចង់ជជែកជាមួយនឹងលោក ស៊ីនោះទេ”។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិច និងចិនកំពុងល្អក់កករខ្លាំង បន្ទាប់ពីមានការផ្ទុះវីរុសកូរ៉ូណា ដែលរហូតមកដល់ពេលនេះ អាមេរិចរងគ្រោះខ្លាំងជាងគេពីវីរុសមរណៈនេះ ដោយអាមេរិចមានអ្នកឆ្លងសរុបជាង ១,៤៥លាននាក់ និងអ្នកស្លាប់មានជាង ៨៦.០០០នាក់៕
ប្រភព៖ Channelnewsasia
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ