Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ភក្តី សាយ ឈុំ ណែនាំមន្ត្រី និងអាជ្ញាធរ​សង្កាត់​ប្រទះ​ឡាង​បម្រើសេវា​សាធារណៈ​ជូន​ពលរដ្ឋឲ្យ​បានល្អ​និង​អប់រំ​ផ្សព្វផ្សាយ​អំពី​បណ្តា​វិធានការ​ទប់ស្កាត់ និង​ការពារ​ជម្ងឺ​កូ​វីដ ១៩

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ៨និង០០ នាទី​ព្រឹក សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ មន្ត្រី និង​អាជ្ញាធរ ភូមិ​ភា សង្កាត់​ប្រទះ​ឡាង ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​សម្តេច​បាន​សាកសួរ​សុខទុក្ខ និង​ស្តាប់​របាយការណ៍​ស្តីពី​សភាពការណ៍​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការងារ​បម្រើសេវា​សាធារណៈ​របស់​មន្ត្រី កងកម្លាំង និង​អាជ្ញាធរ​សង្កាត់​។

​សម្តេច​ក៏បាន​សាកសួរ​រ​អំពី​សភាពការណ៍ និង​ការអប់រំ​ផ្សព្វផ្សាយ​អំពី​បណ្តា​វិធានការ​ទប់ស្កាត់ និង​ការពារ​ជម្ងឺ​កូ​វីដ ១៩ នៅក្នុង​មូលដ្ឋាន​ផងដែរ​។​

​ទទ្ទឹម​នឹង​នេះ សម្តេច​ប្រធាន​ក្រុមការងារ ក៏បាន​ជំរាបជូន​អំពី​ស្ថានភាព​នៃ​ការរីក​រាតត្បាត​របស់​វា​រុស​កូ​វីដ ១៩ នៅ​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​ព្រមទាំង​ផល​ប៉​ញ​ពាល់​លើ​គ្រប់ផ្នែក​គ្រប់​វិស័យ​ដែល​បង្ករ​ឡើង​ដោយសារ​ជម្ងឺ​នេះ​។ ជម្ងឺ​រាតត្បាត​ដ៏​កាច​សាហាវ និង​ងាយ​ចម្លង​បំផុត​នេះ​គឺ​បង្ករ​មកពី​វីរុស​កូ​វីដ ១៩ ដែលជា​វីរុស​ប្រភេទ​ថ្មី ហើយ​ដែល​មិនទាន់មាន​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ណាមួយ​បញ្ជាក់​ឲ្យ​ច្បាស់លាស់ និង​រកឃើញ​ថ្នាំ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព ឬ​បង្កើតបាន​នូវ​វ៉ាក់សាំង សំរាប់​ការពារ​នៅឡើយ​។

​ដោយឡែក​នៅ​កម្ពុជា​យើង អាស្រ័យ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ក្តាប់ជាប់ និង​គ្រប់គ្រង​សភាព​ការ​បានល្អ ហើយ​បាន​ត្រៀមលក្ខណៈ​ទុកជាមុន និង​បាន​ដាក់ចេញ​នូវ​បណ្តា​វិធានការ​ទប់ស្កាត់​ការពារ​បានល្អ ឆាប់រហ័ស និង​ទាន់ពេលវេលា ម្យ៉ាងទៀត​កងកម្លាំង អាជ្ញាធរ​គ្រប់​ថ្នាក់​ប្រជាពលរដ្ឋ​គ្រប់រូប​ម្នាក់ៗ​សុទ្ធតែ​មានការ​ភ័យខ្លាច មានការ​យល់ដឹង និង​ចូលរួម​សហការ​អនុវត្ត​យ៉ាង​សស្រោកសស្រាំ នោះ​ទើប​ស្ថានភាព​នៃ​ជម្ងឺ​នេះ​មាន​ភាព​ធូរស្រាល​ច្រើន ហើយ ការចម្លង ក៏​មិនមាន​រីក​រាលដាល​ដល់​ក្នុង​សហគមន៍ ហើយ​ក្នុង​រយៈពេល​ជាង​មួយខែ​មកនេះ គឺ​មិនមាន​ករណី​ឆ្លង​ថ្មីៗ​ទៀត ហើយក៏​នៅ​មិនទាន់មាន​អ្នកស្លាប់ និង​ការព្យាបាល បានជា​សះស្បើយ​មាន​ចំនួន​ច្រើន (១២១​នាក់​/១២២​នាក់​)​គឺ​នៅសល់តែ​អ្នក​
​ជម្ងឺ​១​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

​តែ​នេះ​មិនមែន​មានន័យថា មិនអាច​កើតមាន​នូវ​រលក​ទី​២ នៃ​ការចម្លង​កូ​វីដ ១៩ ជាថ្មីទៀត​នោះដែរ ហេតុនេះ​ទើបត្រូវ​តែ​បន្ត​ប្រុងប្រយ័ត្ន និង​ការពារ​ទប់ស្កាត់​តទៅទៀត​។​

​ចំពោះមុខ​យើង​ត្រូវខិតខំ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​យើង​ឲ្យ​ប្រុងប្រយ័ត្ន និង​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​បណ្តា​វិធានការ​នានា ដែល​រាជរដ្ឋាភិបាល និង​ក្រសួង​ជំនាញ​បាន​ណែនាំ ជាក់ស្តែង​គឺ​៖ ការអនុវត្ត អនាម័យ​ខ្លួនប្រាណ និង​ហាត់ប្រាណ​។ ការអនុវត្ត​គម្លាត​សុវត្ថិភាព ហើយ​ស្ថិតនៅ​ក្នុងផ្ទះ​ឲ្យ​បាន​ច្រើន និង​ត្រូវ​ពាក់​ម៉ាស្ស​ការពារ​ក្នុងករណី​ចាំបាច់ និង​នៅ​ទីកន្លែង​ដែលមាន​មនុស្ស​ច្រើនៗ​។​

​ក្នុងករណី​មានការ​សង្ស័យ អំពី​អាការ​មិន​ស្រួលខ្លួន​ដែល​អាចពាក់ព័ន្ធ​នឹង​ជម្ងឺ​នេះ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ឬ​ទាក់ទង​ផ្តល់ព័ត៌មាន​ទៅ​ខ្សែ​ទូរ​ស័​ព្ធ​១១៥​ជាបន្ទាន់​។​ប្រជាពលរដ្ឋ​ម្នាក់ៗ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​ចេះ​ការពារ​ខ្លួន​ដោយ​ខ្លួនឯង គឺ​ដើម្បី​ការពារ​ខ្លួន​យើង​ផ្ទាល់ ការពារ​ក្រុមគ្រួសារ មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន និង​ការពារ​សហគមន៍ និង​សង្គមជាតិ​ទាំងមូល​ផងដែរ​៕​

ដោយ​៖​កូ​ឡាប​

×