ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ កាលពីថ្ងៃសុក្របានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំង COVID-19 នឹងមាននៅចុងឆ្នាំនេះ ហើយលោកបានប្រកាសថា លោកបានតែងតាំងអតីតនាយកប្រតិបត្តិឱសថ ដើម្បីឲ្យដឹកនាំកិច្ចការនេះ។
លោកបានថ្លែងថា “យើងសង្ឃឹមថានឹងផលិតវាបាននៅចុងឆ្នាំនេះ ប្រសិនជាពួកយើងអាច ប្រហែលជាផលិតបានមុន”។
“ពួកយើងគិតថា ពួកយើងនឹងទទួលបានលទ្ធផលល្អខ្លះៗឆាប់ៗនេះ”។
ការកំណត់ពេលវេលានៃការសម្រេចបានវ៉ាក់សាំងរបស់លោក ត្រាំ មានសុទិដ្ឋិនិយមជាងអ្វីដែលអឺរ៉ុបរំពឹងទុក។
ភ្នាក់ងារឱសថសាស្ត្រអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំងអាចនឹងរូចរាល់ក្នុងរយៈពេល ១ឆ្នាំក្រោមសេណារីយ៉ូសុទិដ្ឋិនិយមមួយ។
លោកបានប្រកាសថា លោកបានតែងតាំង លោក Moncef Slaoui អតីតប្រធានវ៉ាក់សាំងក្រុមហ៊ុន GSK និងឧត្តមសេនីយ៍ផ្កាយ ៤ លោក Gustave Perna ដើម្បីដឹកនាំពន្លឿនប្រតិបត្តិការ។
“រដ្ឋបាលរបស់ខ្ញុំបានផ្តល់ទឹកប្រាក់ ១០ពាន់លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចប្រឹប្រែងស្រាវជ្រាវរកថ្នាំ”។
លោកបន្ថែមថា នៅពេលវ៉ាក់សាំងរួចរាល់ យោធានឹងចូលរួមចែកចាយវា ហើយនឹងជំរុញស្មារតីកិច្ចប្រតិបត្តិការជាសកលលោក។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា បានផ្ទុះឡើងដំបូងចេញពីទីក្រុងវូហាន ប្រទេសកាលពីចុងឆ្នាំ ២០១៩។ រហូតមកដល់ពេលនេះ វីរុសដ៏កាចសាហាវនេះ បានសម្លាប់ជីវិតមនុស្សជាង ៣០០.០០០នាក់ និងឆ្លងទៅកាន់មនុស្សជិត ៤.៦០០.០០០នាក់៕
ប្រភព៖ Channelnewsasia
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ